
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ កញ្ញានេះ បានប្រកាសថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។អ្នកជំងឺកូវីដ១៩ ចុងក្រោយគេនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។
បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ថា អ្នកព្យាបាលជាសះស្បេីយ ១០០% ជាលេីកទីពីរ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បេីយ ១០០% លេីកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បេីយនេះ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
បើតាមក្រសួងបានសង្គត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនមានអ្នកជំងឺកូវីដ-១៩ នៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡេីយមិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងមិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៌ នៅឡេីយទេ។