កម្ពុជា៖ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ មេសា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបនិងដុតកម្ទេចបំណែកសាច់ និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
បំណែកសាច់ និងសាច់ប្រហិត ចូលខុសច្បាប់ចំនួន ៩ ៩៧៧ គីឡូក្រាម ត្រូបានអង្គភាពគយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាប និងដុតកម្ទេច។ នៅក្នុងនោះ បំណែកសាច់មាន់ និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ
ជាមួយគ្នានោះ គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។ សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕