កំពង់ឆ្នាំង៖ អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពី២៥ ខែមេសា ឆ្នាំ២០២៤។
អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម ចំនួន ១ខ្នង ស្មើ ៥បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ។ អគារសិក្សានេះ ស្ថិតនៅក្នុងបរិវេណ សាលា បឋមសិក្សាខ្សាមមារ្ស ច័ន្ទលាភ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អគារសិក្សាថ្នាក់សមាហរណកម្ម បានរៀបចំកែសម្រួល និងបំពាក់សម្ភារៈសិក្សាដោយអង្គការករុណាបាត់ដំបង សហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង និងសហគមន៍ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សិស្សានុសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមនៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឱ្យពួកគេទទួលបានការអប់រំពេញមួយជីវិតប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌។ ជាពិសេស ជួយបណ្ដុះការអប់រំដល់យុវជនស្ថិតក្នុងសេចក្ដីត្រូវការពិសេសឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ៕