ម៉ាឡេស៊ី៖ ការបាត់ខ្លួនជើងហោះហើរ ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានផ្តាច់ជីវិតអ្នកដំណើរ ២២៧នាក់ រួមទាំងសមាជិកនាវិក ១២នាក់នៅលើយន្តហោះ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ អំឡុងពេលហោះហើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង បានក្លាយជារឿងអាថ៍កំបាំង និង ជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សនៅទូទាំងពិភពលោក។
ការបាត់ខ្លួនជើងហោះហើរ ៣៧០ ជាមួយនឹងអ្នកដំណើរ ២២៧ នាក់ និងសមាជិកនាវិក ១២ នាក់នៅលើយន្តហោះ បាននាំឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរក ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌា ភាគខាងលិចនៃប្រទេសអូស្ត្រាលី ទៅកាន់អាស៊ីកណ្តាល។ ការបាត់ខ្លួនយន្តហោះនេះបានក្លាយជាសំណួរចោទយ៉ាងខ្លាំងថាតើយន្តហោះបាត់នៅទីណា? ហេតុអ្វីពុំមានដំណឹង រឺដាននៃការបាត់យន្តហោះសូម្បីតែបន្តិច?
+ការបាត់ខ្លួន និង ការស្វែងរក
ជើងហោះហើរ 370 បានហោះឡើងនៅម៉ោង ១២:៤១ ព្រឹក ម៉ោងក្នុងស្រុក ហើយបានទៅដល់រយៈកម្ពស់ ១០,៧០០ ម៉ែត្រ (៣៥,០០០ ហ្វីត) នៅម៉ោង ១:០១ ព្រឹក។ ប្រព័ន្ធទំនាក់ទំនង និង រាយការណ៍អំពីយន្តហោះដែលបញ្ជូនទិន្នន័យអំពីដំណើរការរបស់យន្តហោះ បានទទួលដំណឹងចុងក្រោយពីការហោះយន្តហោះត្រឹមម៉ោង១ និង ៧នាទី ព្រឹកថ្ងៃបាត់ខ្លួន ក្រោយមកប្រព័ន្ធទំនាក់ទំនងត្រូវបានដាច់ដោយមិនដឹងមូលហេតុ។ រ៉ាដាយោធា និងស៊ីវិលម៉ាឡេស៊ី បានចាប់ផ្តើមតាមដាននិងស្វែងរកយន្តហោះនេះភ្លាមៗ ក៏ប៉ុន្តែពុំមានតម្រុយនៃទីតាំងយន្តហោះបានធ្លាក់ចុះឡើយ។
នៅថ្ងៃទី ១៥ ខែមីនា មួយសប្តាហ៍បន្ទាប់ពីយន្តហោះបានបាត់ ទំនាក់ទំនងជាមួយនិងប្រព័ន្ធផ្កាយរណប ការវិភាគនៃសញ្ញាមិនអាចកំណត់ទីតាំងយន្តហោះបានច្បាស់លាស់ទេ ប៉ុន្តែបានកំណត់ថា យន្តហោះអាចស្ថិតនៅកន្លែងណាមួយនៅលើតំបន់ពីរ ដោយមួយលាតសន្ធឹងពីកោះជ្វា ឆ្ពោះទៅភាគនិរតីនៃមហាសមុទ្រឥណ្ឌា ភាគនិរតីនៃប្រទេសអូស្ត្រាលី និងមួយទៀតលាតសន្ធឹងពីខាងជើងឆ្លងកាត់អាស៊ីពីប្រទេសវៀតណាមទៅកាន់ប្រទេសតូមិននីស្ថាន។ បន្ទាប់មក តំបន់ស្វែងរកត្រូវបានពង្រីកទៅមហាសមុទ្រឥណ្ឌា ភាគនិរតីនៃប្រទេសអូស្ត្រាលី នៅលើតំបន់ភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ ភាគខាងលិចប្រទេសចិន ឧបទ្វីបឥណ្ឌា និងអាស៊ីកណ្តាល។
ផ្អែកលើការវិភាគនៃសញ្ញាចុងក្រោយ បានសន្និដ្ឋានថា ជើងហោះហើរនេះបានធ្លាក់នៅតំបន់ដាច់ ស្រយាលនៃមហាសមុទ្រឥណ្ឌាចម្ងាយ ២.៥០០ គីឡូម៉ែត្រ (១.៥០០ ម៉ាយ)ភាគនិរតីនៃប្រទេសអូស្ត្រាលី៕