ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) កំពុងរៀបចំបង្កើតសៀវភៅស្តីពីការ«អប់រំចិត្ត» ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធការអប់រំចិត្តនេះឱ្យកាន់តែទូលំទូលាយ។ នេះបើតាមលោក Ock Soo PARK ស្ថាបនិកនៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ថ្លែងក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោក Ock Soo PARK បានមានប្រសាសន៍ថាអង្គការសម្ព័ន្ធយុវជនអន្តរជាតិ កំពុងធ្វើការងារជាមួយប្រទេសជាច្រើន ដើម្បីលើកកម្ពស់កម្មវិធីអប់រំចិត្តទៅកាន់យុវជន និងសិស្សានុសិស្សនៅតាមបណ្ដាសាលា ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំចិត្តក្នុងកម្មវិធីសិក្សា ដែលបង្រៀនឱ្យយុវជនចេះត្រិះរិះពិចារណាស៊ីជ្រៅ ចេះត្រួសត្រាយជីវិតខ្លួនឯងទៅរកផ្លូវត្រូវ។ បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក៏កំពុងរៀបចំបង្កើតសៀវភៅស្តីពីការអប់រំចិត្ត ដើម្បីផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធការអប់រំចិត្តនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពផ្លូវចិត្តសិស្សានុសិស្ស ដោយបានដាក់បញ្ចូលការអប់រំចិត្តទៅក្នុងកម្មវិធីសិក្សានៅតាមសាលា និងតាមរយៈកម្មវិធីក្រៅម៉ោងសិក្សា ដែលមានដូចជា ការធ្វើសមាធិ ការអប់រំចរិយាធម៌ និងសីលធម៌ តាមបែបពុទ្ធសាសនាជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែរួមចំណែកគាំទ្រដល់គោលដៅរួម នៃការអប់រំ ៣ចំណុច គឺផ្ដល់ចំណេះដឹង បំណិនជីវិត និងជំរុញឱ្យយុវជនមានភាពជាពលរដ្ឋសាកល តបតាមអនុសាសន៍វិធានគន្លឹះទាំង៤ ក្នុងវិស័យអប់រំ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយនេះដែរ លោក ហង់ជួន ណារ៉ុន ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតឱ្យមានសៀវភៅស្តីពីការអប់រំផ្លូវចិត្ត ដែលនឹងជួយជំរុញឱ្យយុវជនជំនាន់ក្រោយកាន់តែងាយស្រួលក្នុងការស្វែងយល់ និងធ្វើស្វ័យសិក្សាបន្ថែមដោយខ្លួនឯងឱ្យកាន់តែស៊ីជម្រៅអំពីការអប់រំចិត្ត ក៏ដូចជាបន្តប្រើប្រាស់ដើម្បីបង្រៀនកាន់តែទូលំទូលាយពីមួយជំនាន់ទៅមួយជំនាន់៕