កម្ពុជា៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៣ មេសា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានោះ ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១ ០៥០ គីឡូក្រាម ក៏ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕