អាម៉េរិក៖ វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ ដែលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរនេះ បានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។នេះបើយោងតាមការចុះផ្សាយពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ក្រសួងមិនទាន់កំណត់ពេលវេលាច្បាស់លាស់សម្រាប់ការដឹកវត្ថុបុរាណមកកម្ពុជាវិញទេ ដោយក្រសួងកំពុងរក្សាទុកវត្ថុបុរាណទាំងនោះនៅញូវយ៉ក ខណៈរង់ចាំប្រមូលវត្ថុបុរាណបន្ថែមទៀត និង ស្វែងរកក្រុមហ៊ុនសមស្របណាមួយដើម្បីដឹកជញ្ជូនត្រឡប់មកកម្ពុជាវិញ។
វត្ថុបុរាណខ្មែរ ចំនួន ២៧ដុំ ដែលអាម៉េរិក ប្រគល់មកកម្ពុជាវិញ រួមមាន រូបបដិមាព្រះពុទ្ធ និងហិណ្ឌូសម័យអង្គរ មួយចំនួន ដែលរួមមានបដិមាសំរិទ្ធព្រះពុទ្ធអង្គសមាធិលើនាគ រូបសំណាកព្រះសិវៈ និងចម្លាក់ថ្មភក់ព្រះពុទ្ធបដិមា Prajñāpāramitā ទេវី និង វត្ថុបុរាណដ៏មានតម្លៃមួយចំនួនទៀត៕