សៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«(When Shaolin Meets Bokator At Angkor)»នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃប្រទេសចិន ប្រារព្ធព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor។
រដ្ឋមន្រ្តីបន្តថាសម្រាប់ការបង្ហាញពីវប្បធម៌របស់កម្ពុជា និងវប្បធម៌ចិននេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅម៉ោង ៧:៣០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាង ៥០០នាក់។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធជាច្រើន។ ហើយតាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍ សង្ឃឹមថានឹងមានកំណើនទេសចរចិនកាន់តែច្រើនបន្ថែមទៀតមកកាន់កម្ពុជា៕