ភ្នំពេញ៖ តម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ ខណៈអតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR បន្តរក្សាការបញ្ចុះតម្លៃ២០%ដដែល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។
យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿន បានធ្វើការបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីផ្លូវល្បឿនលឿនដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃរយៈពេលមួយខែ។ ប៉ុន្ដែដើម្បីអរគុណអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុនបានបន្ដបញ្ចុះតម្លៃ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ទើបក្រុមហ៊ុនត្រូវគិតថ្លៃសេវាធ្វើដំណើរពេញលេញឡើងវិញ។
ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) តម្លៃសេវាធ្វើដំណើរត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ ខណៈអតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR នឹងបន្តរក្សាការបញ្ចុះតម្លៃ ២០% ដដែលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ តម្លៃដើមសម្រាប់រថយន្ដលក្ខណៈគ្រួសារ គឺមានតម្លៃ ១៥ ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា រាល់ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវVIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ៕