ស្ទឹងត្រែង៖ យុវតីបីរូប សហការគ្នារៀបចំកម្មវិធីបង្រៀន «សិស្សសរសេរកូដ» នៅសាលាព្រះរាជបូនីយកិច្ច នៅស្ទឹងត្រែង ដើម្បីលើកកម្ពស់ឱ្យសិស្សមានចំណាប់អារម្មណ៍សិក្សាជំនាញស្ទែម។
កៅ ម៉េងហ័ង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា និងយុវតីពីររូបផ្សេងទៀតបានចុះទៅកាន់ខេត្តស្ទឹងត្រែងកាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ ម្តងដើម្បីធ្វើការជ្រើសរើសសិស្សចំនួន ៨ រូប បង្រៀនអោយពួកគេចេះប្រើប្រាស់ 3D Printer ។ បន្ទាប់មក សិស្សទាំង៨រូប និងត្រូវជ្រើសរើសសមាជិកបន្ថែមដើម្បីធ្វើការប្រកួតកាលពីខែ កុម្ភៈ កន្លងទៅនេះ ។
យុវតីបីរូបដែលជាអ្នកបង្កើតគម្រោងនេះមាន កញ្ញា កៅ ម៉េងហ័ង កញ្ញា រុនណាត ដេបូរ៉ា និងកញ្ញា ម៉ិចព្រីង សិរិនី ដែលយុវជនទាំងបីរូបនេះ ជាសិស្សនិស្សិតដែលកំពុងបន្តការសិក្សាជំនាញផ្សេងៗគ្នា នៅក្នុងវិស័យស្ទែម។ កញ្ញា ម៉េងហ័ង បានបន្តទៀតថា ជាលទ្ធផលនៃគម្រោង ក្រុម Code For Girls បានបង្វឹកសិស្សចំនួន២៣រូបឱ្យចេះប្រើប្រាស់ បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រចាំថ្ងៃក្នុងបរិស្ថានជុំវិញខ្លួន។ ជាពិសេស សិស្សទាំង២៣រូបនោះ ក៏មានចំណាប់អារម្មណ៍ទៅលើការចាប់យកជំនាញស្ទែមផងដែរ ដែលជាជំនាញមួយដែលមានតម្រូវការខ្ពស់ក្នុងសតវត្សទី២១នេះ។
សកម្មភាពដែលមាននៅក្នុងគម្រោងនេះមានដូចជា ការធ្វើសិក្ខាសាលាចែករំលែកបទពិសោធន៍ ការប្រកួតប្រជែងរបស់សិស្ស ការអនុវត្តសកម្មភាពស្ទែមជាក់ស្តែង និងការចូលរួមចំណែកពីអាណាព្យាបាលរបស់សិស្សទៀតផង។
គួរបញ្ជាក់ផងដែរថា គម្រោងដែលធ្វើឡើងនៅខេត្តស្ទឹងត្រែងនេះត្រូវបានទទួលការគាំទ្រពីខាងជំនាន់ថ្មី ដែលស្ថិតនៅក្រោម UNICEF និងត្រូវបានសហការរៀបចំដោយ ក្រុមការងារ Code For Girls, សិស្សមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការគាំទ្រពីខាងក្រសួងអប់រំ បូកផ្សំជាមួយនឹង NTL Computer, OBOC, និងសាលាព្រះរាជបូជនីយកិច្ច ដែលនៅខេត្តស្ទឹងត្រែង។