ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ រៀបចំយុទ្ធនាការប្រមូលគ្រាប់ត្នោត ចំនួន ២០,០០០គ្រាប់ ដើម្បីដាំនៅក្នុងសហគមន៍ព្រៃឈើចំនួន ៥ នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ យុទ្ធនាការនេះ ចាប់ផ្ដើមពីខែមេសា រហូតដល់ខែមិថុនា ។យុទ្ធនាការប្រមូលគ្រាប់ត្នោត រៀចំឡើង ដើម្បីជំរុញឱ្យពលរដ្ឋដាំដើមត្នោតឡើងវិញ ពិសេស យុទ្ធនាការនេះរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង បង្កើនសុវត្ថិភាពដល់ព្រៃសហគមន៍។
យុទ្ធនាការប្រមូលគ្រាប់ត្នោត ត្រូវបានរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ដើម្បីប្រមូលគ្រាប់ត្នោតឱ្យបាន ២០,០០០គ្រាប់ សម្រាប់ដាំតាមព្រំប្រទល់ព្រៃសហគមន៍ ដូចជាសហគមន៍ព្រៃឈើអូសោម សហគមន៍ព្រៃឈើអូរនគរធំ សហគមន៍ព្រៃឈើកន្សែងវាល សហគមន៍ព្រៃភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម ដែលសហគមន៍ព្រៃឈើទាងនេះស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេស សមាជិកសហគមន៍ឱ្យមានដាំដើមត្នោតឡើងវិញ ពិសេសដើមត្នោតមានប្រយោជន៍ជាច្រើន ឬហៅថាពហុប្រយោជន៍ បង្កើនពហុប្រយោជន៍ក្នុងសហគមន៍ ទាំងជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម។ ជាពិសេសយុទ្ធនាការនេះរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ព្រៃសហគមន៍។
សូមបញ្ជាក់ថា ដើមត្នោត ជារុក្ខជាតិតំណាងអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ ដើមត្នោត មានភាគច្រើននៅក្នុងខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល។ ដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិដែលមានអាយុកាលយូរអង្វែង និងមានភាពរឹងមាំខុសប្លែកពីរុក្ខជាតិនានា។ ត្នោតជាប្រភេទរុក្ខជាតិឋិតក្នុងតាលព្រឹក្សខ្ពស់មានដើមទោលគល់ធំដុះត្រង់ឡើងលើកម្ពស់ពី១០ទៅ២៥ម៉ែត្រ។ ឫសមានលក្ខណៈជាឫសរយោង និងគ្មានឫសកែវ។ ដើមត្នោត មានអត្ថប្រយោជន៍តាំងពីឫស រហូតដល់ស្លឹក៕