Cctimesw1140xh150cm copy

ក្រសួងវប្បធម៌រៀបចំកម្មវិធី«ផ្លាស់ប្តូរវប្បធម៌»ដើម្បីពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី២០ មេសា បានសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥កន្លងទៅ។

ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤វិញដែរ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េ បានរៀបចំឱ្យមានសិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន, លេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ជាមួយគ្នានោះ ប្រទេសកូរ៉េ ក៏បានរៀបចំឱ្យមានកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េដែរ។

កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ និងបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េបានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទាញព្រ័ត្រ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង