ភ្នំពេញ៖ ពលការិនីខ្មែរចំនួន ២៩នាក់ ដែលចាញ់បោកមេខ្យល់នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នឹងមកដល់កម្ពុជាវិញនៅថ្ងៃស្អែកនេះ។ សំបុត្រយន្តហោះសម្រាប់ពលការនីទាំង ២៩នាក់ ត្រូវបានរៀបចំរួចរាល់ ហើយពលករដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទី យប់ថ្ងៃទី១៨ មេសា បានខលតាមវីឌីអូ ជួបជាមួយពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីផ្ដល់ដំណឹងដល់ពួកគេដោយផ្ទាល់ថា សម្តេច ហ៊ុន ម៉ាណែត បានជ្រាបនូវសារអំពាវនាវរបស់ពួកគេ ហើយក៏បានណែនាំដល់ក្រសួងការងារ និងក្រសួងការបរទេស ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំពួកគេត្រឡប់មកស្រុកកំណើតវិញ។
តាមការបញ្ជាក់របស់លោក ហេង សួរ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះដល់ពលករ-ពលការនី។ ពេលនេះ សំបុត្រយន្តហោះសម្រាប់ពលការនីទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត ពួកគេនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដោយឡែក ពលករដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់.
សូមបញ្ជាក់ថា ពលករចំនួន ៧៨នាក់ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ក្នុងនោះពលករចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នពួកគេបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ លោក អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់ពួកគេ៕