Cctimesw1140xh150cm copy

កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ ចែករំលែកគន្លឹះដាក់«អាហារូបករណ៍ផ្លាស់ប្តូរការសិក្សា YSEALI» នៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ ធ្លាប់បានដាក់អាហារូបករណ៍ YSEALI Academic Fellowship ចំនួនពីរដង ទម្រាំត្រូវបានជ្រើសរើសទៅសហរដ្ឋអាម៉េរិកដើម្បីផ្លាស់ប្តូរការសិក្សារយៈពេល៥សប្តាហ៍។

បើតាមបទសម្ភាសន៍រវាងស៊ីស៊ីថាមស៍ និង យុវជន អ៊ុង ខេមរាបូណ៌មីច័ន្ទ បានឱ្យដឹងថា យុវជនរូបនេះ ត្រូវបានជ្រើសរើសទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាម៉េរិករយៈពេល ៥ សប្តាហ៍ដើម្បីសិក្សាពាក់ព័ន្ធនឹងប្រធានបទ សហគ្រាសសង្គម និងសេដកិច្ចអភិវឌ្ឍន៍ (Social Enterprise and Economic Development) នៅឯសាកលវិទ្យាល័យ Texas ដោយបានចេញដំណើរពីកម្ពុជាកាលពីថ្ងៃ ១៣ មេសា ២០២៤ កន្លងទៅនេះ។ អាហារូបករណ៍នេះផងដែរ កំពុងបើកទទួលពាក្យរហូតដល់ថ្ងៃទី ២០ មេសា ឆ្នាំ២០២៤ ដូចនេះ កញ្ញា បូណ៌មីច័ន្ទ មានបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការដែលធ្វើឱ្យកញ្ញាត្រូវបានជ្រើសរើសក្នុងអាហារូបករណ៍មួយនេះ។

កញ្ញា បូណ៌មីច័ន្ទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ដំបូងឡើងកញ្ញាបានស្គាល់អាហារូបករណ៍នេះដំបូងឡើយតាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាម៉េរិកនៃប្រទេសកម្ពុជា ដោយបានឃើញពីគោលបំណង និងអត្ថប្រយោជន៍នៃកម្មវិធី កញ្ញាក៏បានស្វែងយល់បន្ថែមពីអាហារូបករណ៍ និងបានដាក់ពាក្យចំនួនពីរលើក ដែលលើកទី១ កញ្ញាបានដាក់នៅឆ្នាំ ២០២៣ តែមិនបានជាប់ជាស្ថាពរនោះទេ ដោយបានជាប់ត្រឹមវគ្គសម្ភាស។ ដោយសារតែការចង់ដឹង ចង់សិក្សាពីប្រទេសអាម៉េរិក យុវជនរូបនេះ មិនបានអាក់អន់ស្រពន់ចិត្តនឹងលទ្ធផលនោះទេ ហើយបានដាក់សារជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ម្តងទៀតក៏បានជាប់ជាស្ថាពរ ឆ្លងកាត់វគ្គសម្ភាសបានសម្រេច។

មូលហេតុដែល បូណ៌មីច័ន្ទ ចង់ដាក់អាហារូបករណ៍នេះ ដោយសារតែ កញ្ញាបានឃើញថា កម្មវិធីនេះ មានរយៈពេលមិនយូរពេក មិនខ្លីពេក ដោយមានរយៈពេល ៥ សប្តាហ៍ និងមានសកម្មភាពជាច្រើនទាំងការសិក្សាពីអ្នកជំនាញ ការទស្សនកិច្ចទៅកាន់សហគ្រាសដែលជោគជ័យលើវិស័យនីមួយៗ ព្រមទាំងមានឱកាសបានផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងជនជាតិផ្សេងៗផងដែរ ដែលជាឱកាសឱ្យកញ្ញាបានទាំងរៀនសូត្រ និងបង្កើតទំនាក់ទំនងល្អជាមួយជាតិសាសន៍ដទៃ។

បន្ថែមពីនេះ កញ្ញាបានបញ្ជាក់បន្តទៀតថា អាហារូបករណ៍នេះពិតជាមានលក្ខណៈពិសេស ដោយសារតែអាហារូបករណ៍នេះមានការចេញថ្លៃស្ទើរតែគ្រប់យ៉ាងសម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស ដួចជាការចេញថ្លៃធ្វើដំណើរ ការធ្វើទិដ្ឋាការ ការស្នាក់នៅ ការហូបចុក និងការចំណាយចាំបាច់មួយចំនួនកំឡុងពេលកម្មវិធី ព្រមទាំងមិនមានការប្រកាន់ថាបេក្ខជនមកពីតំបន់ដាច់ស្រយាល ឬ ទីប្រជុំជននោះទេ សំខាន់មានសមត្ថភាពនិងមានគ្រប់លក្ខន្តិកៈដែលគេត្រូវការ។

ដើម្បីអាចដាក់អាហារូបករណ៍នេះ បេក្ខជនត្រូវឆ្លងកាត់ពីរដំណាក់កាល គឺ ដំណាក់កាលសរសេរបែបបទនៃការដាក់ពាក្យ និងដំណាក់កាលសម្ភាស។ បើតាម បូណ៌មីច័ន្ទ បានឱ្យដឹងថា លុះត្រាតែ ត្រូវបានជ្រើសរើសទៅវគ្គសម្ភាស ទើបបេក្ខជនអាចចូលដល់វគ្គសម្ភាសបាន ហើយប្រសិនបើឆ្លងកាត់ដំណាក់កាលសម្ភាសជោគជ័យ នោះបេក្ខជននឹងជាប់ជាស្ថាពរ។

អ្វីដែលជាគន្លឹះ ដែល បូណ៌មីច័ន្ទ ចង់បង្ហាញទៅកាន់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍នេះ មានដូចខាងក្រោម៖

- មុននឹងដាក់ពាក្យត្រូវអានលម្អិតពីកម្មវិធីដើម្បីដឹងថាតើខ្លួនពិតជាមានបំណងក្នុងការចូលរួមកម្មវិធីនេះដែរទេ

- កំឡុងពេលអាន ត្រូវស្វែងរកខ្លួនឯងថាតើខ្លួនត្រូវនឹងផ្នែកណាមួយនៃកម្មវិធីដោយសារតែកម្មវិធីត្រូវបានបែងចែកជាបីផ្នែក គឺ Social Enterprise and Economic Development, Civic Engagement, និង Environmental Issues។

- ជ្រើសរើសផ្នែកមួយក្នុងចំណោមខាងលើដែលត្រូវជាមួយនឹងអ្វីដែលខ្លួនបានធ្វើកន្លងមក ដើម្បីងាយស្រួលក្នុងការសរសេរដាក់ពាក្យបង្ហាញពីចំណាប់អារម្មណ៍ និងឆន្ទៈរបស់ខ្លួនក្នុងការចូលរួមកម្មវិធីនេះ

- កុំខ្លាចក្នុងការបរាជ័យ តែត្រូវសាកល្បងជាមុនសិន។

បើតាមកញ្ញា បូណ៌មីច័ន្ទ កញ្ញាគិតថា ការដែលកញ្ញាត្រូវបានជ្រើសរើស ដោយសារតែការបង្ហាញពីសកម្មភាពដែលធ្លាប់ធ្វើកន្លងមកអោយពាក់ព័ន្ធជាមួយនឹងកម្មវិធី និងជាពិសេស គឺបង្ហាញពីគម្រោងច្បាស់លាស់មួយដែលខ្លួនចង់ធ្វើក្រោយមកពីសហរដ្ឋអាម៉េរិក ដើម្បីឱ្យខាងកម្មវិធីជឿជាក់ថាយើងពិតជាយុវជនដែលសាកសម។

ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការដាក់អាហារូបករណ៍នេះ អ្នកអាចចូលទៅកាន់វេបសាយខាងក្រោម ដើម្បីស្វែងយល់បន្ថែម៖ https://kh.usembassy.gov/yseali-academic-fellowships/ និងដាក់ពាក្យឱ្យបានមុនថ្ងៃទី ២០ មេសា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង