ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨មេសានេះ បានចេញសេចក្តីប្រកាសថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ អាចមានខ្យល់បក់ មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់។
១. តំបន់វាលទំនាប ៖
-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។
២.តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឦសានអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥%។
៣.តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។