ភ្នំពេញ៖ ក្រសួងការងារប្រកាសជ្រើសរើសនិស្សិតដែលសិក្សានៅឆ្នាំទី៣ ទី៤ ឬ បញ្ចប់ការសិក្សាថ្មីៗដើម្បីធ្វើការងារជាមន្រ្តីស្ម័គ្រចិត្តក្នុង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ ដើម្បីធ្វើការអនុវត្តការងារអង្កេត ស្រាវជ្រាវ និងប្រមូលទិន្នន័យ។
បើតាមការផ្សព្វផ្សាយក្នុងប្រព័ន្ធសង្គមនៃ NEA បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារកំពុងប្រកាសជ្រើសរើសនិស្សិតដែលសិក្សានៅឆ្នាំទី៣ ទី៤ ឬ បញ្ចប់ការសិក្សាថ្មីៗ ធ្វើការងារជាមន្រ្តីស្ម័គ្រចិត្តក្នុង ដើម្បីធ្វើការអនុវត្តការងារអង្កេត ស្រាវជ្រាវ និងប្រមូលទិន្នន័យ។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា និស្សិតដែលអាចដាក់ពាក្យបាន ត្រូវតែជាសិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី ៤ ឬ ទើបបញ្ចប់ការសិក្សា ដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារយ៉ាងតិច ៤ម៉ោង ក្នុងមួយថ្ងៃ ពេលព្រឹក ឬ រសៀល។ ជាពិសេសសិស្សត្រូវតែអ្នកដែលមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ អង្កេត ប្រមូលទិន្នន័យ និងស្រាវជ្រាវ ថែមទាំងមានភាពស្មោះត្រង់ អត់ធ្មត់ តស៊ូ ឧស្សាហ៍ព្យាយាម ទំនាក់ទំនងល្អ និងមានឆន្ទៈបំពេញតួនាទី។
អត្ថប្រយោជន៍ដែលសិស្សទទួលបានមានដូចជា វិញ្ញាបនបត្របញ្ជាក់បទពិសោធន៍ការងារ បទពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវ និងអាចចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រសិក្សាស្រាវជ្រាវ ពីការប្រមូលទិន្នន័យបច្ចុប្បន្នភាពសេដ្ឋកិច្ច និងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ។ ក្រៅពីជំនាញក្នុងការស្រាវជ្រាវ សិស្សានុសិស្សនឹងអាចទទួលបានឱកាសរៀនសូត្រពីការប្រើប្រាស់ Microsoft excel និងផ្សេងៗទៀតជាច្រើន។
គួរបញ្ជាក់ផងដែរថា បេក្ខជនដែលចាប់អារម្មណ៍អាចផ្ញើ CV មកកាន់អាស័យដ្ឋាន [email protected] ឬ ទាក់ទងទៅកាន់លេខទូរស័ព្ទ ០១១៨៨៨០០១ ឱ្យបានមុនថ្ងៃទី ៣០ មេសា ឆ្នាំ២០២៤៕