Cctimesw1140xh150cm copy

«ប្រាក់រៀល»ត្រូវបានដាក់ឱ្យជួញដូរនៅព្រលានយន្ដហោះជប៉ុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ជប៉ុន៖ ប្រាក់រៀលរបស់កម្ពុជា កាលពីថ្ងៃទី ១៦ មេសា ត្រូវបានដាក់បញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ជាលើកដំបូង។ ការដាក់ប្រាក់រៀលឱ្យជួញដូរនៅព្រលានយន្ដហោះអន្តរជាតិនេះ ជាភាពជោគជ័យថ្មីមួយទៀតនៃរូបិយប័ណ្ណកម្ពុជា បន្ទាប់ពីដាក់ដំណើរការក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។

ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យមានការជួញដូរប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងសម្រួលទេសចរជប៉ុនដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរយកប្រាក់រៀលដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ សំខាន់ជាងនេះទៀត ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដូចជានៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថាប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្តនិងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយ។

កាលពីឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។នេះបើយោងតាមការអះអាងរបស់ធនាគារជាតិនៃកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់ធំលំដាប់អន្តរជាតិបានបង្កើតនៅឆ្នាំ ១៩៧៦ មានការិយាល័យកណ្តាល នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ បច្ចុប្បន្នក្រុមហ៊ុន Travelex មានទីតាំងអាជីវកម្មនៅប្រទេសចំនួន២០ និងមាន បញ្ជរប្តូរប្រាក់ចំនួន ១.១០០ កន្លែងនៅក្នុងអាកាសយនដ្ឋានអន្តរជាតិធំៗ ផ្សារទំនើប និងអគារពាណិជ្ជកម្មល្បីៗជាច្រើនកន្លែងលើពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ប្រាក់រៀល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង