ញូវយ៉ក៖ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ (ECOSOC Youth Forum 2024) ចាប់ពីថ្ងៃទី១៦-១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ វេទិកានេះ រៀបចំឡើងក្រោមប្រធានបទ «Youth shaping sustainable and innovative solutions: Reinforcing the 2023 agenda and eradicating poverty in times of crises»។
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ (ECOSOC Youth Forum 2024) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។ នាឱកាសនោះ លោក សេរី ជំនះ បានធ្វើបទអន្តរាគមន៍ ស្តីពី «Progressing from poverty to prosperity: youth as agents of change» ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។
ជាមួយគ្នានេះដែរ លោក សេរី ជំនះ ក៏បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការវិវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញសតវត្សរ៍ទី២១ ក៏ដូចជាការត្រៀមខ្លួនរបស់យុវជនសម្រាប់ទីផ្សារការងារស្របតាមបរិការណ៍ថ្មី។
សូមបញ្ជាក់ថា ស្របតាមប្រធានបទនៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) និងវេទិកានយោបាយកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ ស្តីពី ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (HLPF) «Youth shaping sustainable and innovative solutions: Reinforcing the 2023 agenda and eradicating poverty in times of crises»។ វេទិកាយុវជននេះ នឹងផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដែលកំពុងត្រួតពិនិត្យនៅឆ្នាំនេះ៖ គ្មានភាពក្រីក្រ (SDG 1), គ្មានភាពអត់ឃ្លាន (SDG 2), សកម្មភាពអាកាសធាតុ (SDG 13), សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ (SDG 16), និងភាពជាដៃគូសម្រាប់គោលដៅ (SDG 17) ។ វេទិកានេះ យុវជននឹងចែករំលែកនូវគំនិតច្នៃប្រឌិតរបស់ពួកគេ និងដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការសម្រេចបាននូវគោលដៅទាំងនេះ៕