អាម៉េរិក៖ ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី ១៣ មេសានេះ បានបើកការវាយប្រហារតាមរយៈបាញ់ដ្រូនជាច្រើនគ្រឿង និង មីស៊ីលជាច្រើនគ្រាប់ តម្រងទៅកាន់អ៉ីស្រាអែល ដើម្បីទុកជាការសងសឹង។នេះ គឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅកាន់អ៉ីស្រាអែល ធ្វើឱ្យពិភពលោកកាន់តែប្អូនបារម្ភពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។
ក្នុងប្រតិបត្តិការនោះកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាន បាញ់ដ្រូន និងមីស៊ីល នៅក្រោមប្រតិបត្តិការឈ្មោះ True Promise ឬការសន្យាពិត ជាផ្នែកមួយ នៃការដាក់ទោសប្រឆាំងនឹងបទឧក្រិដ្ឋប្រព្រឹត្តដោយអ៉ីស្រាអែល។ភ្លាមៗសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញប្រទេសអ៉ីស្រាអែល និង មិនទាន់មានការបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះនោះទេ។
ប្រភពពីមន្ត្រីយោធាអ៉ីស្រាអែល ថ្លែងប្រាប់ទីភ្នាក់បារាំង AFP ថា ប្រទេសអ៉ីអ៉ង់ បានប្រើប្រាស់ដ្រូន និង បាញ់មីស៊ីល ប្រមាណជាង ២០០គ្រប់ និងគ្រឿន បាញ់ចូលប្រទេសអ៉ីស្រាអែល។ភ្លាមៗលោកប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានពិភាក្សាអំពីស្ថានភាពនៅអ៉ីរ៉ង់ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu តាមទូរស័ព្ទ នៅសេតវិមានរបស់លោក។
ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាម៉េរិក វាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់។បេសកកម្មអ៉ីរ៉ង់ប្រចាំ UN ព្រមានទៀតថា អ៉ីរ៉ង់នឹងសងសឹកកាន់តែធ្ងន់ធ្ងរចំពោះហេតុការណ៍នេះ។ប្រតិបត្តិការរបស់អ៉ីរ៉ង់ពេលនេះ នាំឱ្យស្ថានការណ៍នៅតំបន់ដើមបូព៌ាកាន់តែពុះកញ្រ្ជោលខ្លាំង ដែលជាក្តីបារម្ភរបស់ពិភពលោកទាំងមូល៕