681 ezgif.com resize
Swift cc time

ក្រសួងអប់រំគ្រោងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រមាណជាង៣រយនាក់ទៅសិក្សានៅបរទេស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងត្រៀមបេក្ខជនចំនួន ៣ ៨០០ នាក់ ដើម្បីដាក់ពាក្យសុំប្រឡងជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅបរទេស ខណៈឆ្នាំ២០២៤នេះ ក្រសួង គ្រោងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រមាណជាង ៣០០ នាក់ ទៅបន្តការសិក្សានៅបរទេសតាមបណ្តាប្រទេសជាមិត្ត រួមមាន ប្រទេសចិន ជប៉ុន ហុងគ្រី គូបា វៀតណាម ឡាវ និងប្រទេសថៃ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ នឹងបញ្ជូននិស្សិតអាហារូបករណ៍ប្រមាណ ៣០០ នាក់ ទៅបន្តការសិក្សានៅបរទេសតាមបណ្តាប្រទេស ជាមិត្ត រួមមាន ជប៉ុន ហុងគ្រី គូបា វៀតណាម ឡាវ និងប្រទេសថៃ។ ប្រទេសចិន បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្ដមសិក្សាចំនួន ៧០ នាក់ និងកម្រិតបរិញ្ញាបត្រ ២០ នាក់។ ប្រទេសជប៉ុន បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្តមសិក្សា ឧត្តមសិក្សា មធ្យមសិក្សា និងជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន ៥០ នាក់ និងសម្រាប់ការស្រាវជ្រាវចំនួន ៥ នាក់។

ចំណែកប្រទេសហុងគ្រី បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្តមសិក្សា និងឧត្តមសិក្សាចំនួន ៣០ នាក់។ ប្រទេសគូបា បានផ្ដល់អាហារូបករណ៍កម្រិនឧត្តមសិក្សា ២ នាក់ ប្រទេសវៀតណាម បានផ្ដល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ ១០០ នាក់ ប្រទេសឡាវ បានផ្ដល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ ១៥ នាក់ និងប្រទេសថៃ បានផ្ដល់អាហារូបករណ៍កម្រិតបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រចំនួន ១០ នាក់។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសសរុបចំនួន ៦៧២ នាក់ ហើយបើចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ កម្ពុជា បានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងៗ ចំនួន ៣២ ប្រទេស សរុបចំនួន ១៩ ៥៤៦ នាក់ ក្នុងនោះស្រីចំនួន ៤ ២២៨ នាក់៕


Khcct banner

អត្ថបទទាក់ទង