![](https://cdn.cc-times.com/kh.cc-times.com/media/46916/large/434714327_1025989485585578_2892006267480700834_n.jpg?1712804635)
ភ្នំពេញ៖ អង្គការសម្រេចសុបិន្តកុមារកម្ពុជា នឹងធ្វើការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ជូនចំនួន ៤៥នាក់សម្រាប់សិស្សដែលកំពុងរៀនថ្នាក់ទី ១២ ឬ សិស្សជាប់បាក់ឌុប នៅឆ្នាំ២០២១ ២០២២ ២០២៣ ដែលមិនទាន់មានលទ្ធភាពបន្តការសិក្សា។
បើតាមការជូនដំណឹងរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា បានឱ្យដឹងថាអង្គការនឹងធ្វើការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ជូនចំនួន ៤៥នាក់សម្រាប់សិស្សដែលកំពុងរៀនថ្នាក់ទី ១២ ឬ សិស្សជាប់បាក់ឌុប នៅឆ្នាំ២០២១ ២០២២ ២០២៣ ដែលមិនទាន់មានលទ្ធភាពបន្តការសិក្សា ដើម្បីចូលរៀនតាមបណ្តាសាកលវិទ្យាល័យគោលដៅ និងវិទ្យាស្ថាន មួយចំនួននៅរាជធានីភ្នំពេញ។
![](https://cdn.cc-times.com/kh.cc-times.com/media/46914/large/434714327_1025989485585578_2892006267480700834_n.jpg?1712804601)
យុវជនដែលអាចដាក់អាហារូបករណ៍នេះជាសិស្សដែលមកពីបណ្តាខេត្តក្រុងទាំង២៥នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុមិនលើសពី២៥ឆ្នាំ ព្រមទាំងជាយុវជនដែលមានការខិតខំរៀនសូត្រ មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ យុវជនជាសិស្សដែលមកពីគ្រួសារមានជីវភាពលំបាក និងខ្វះលទ្ធភាពបន្តការសិក្សា។អាហារូបករណ៍នេះមានផ្តល់ជូនដូចជាថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬ វិទ្យាស្ថានគោលដៅ ថ្លៃសម្ភារៈសិក្សា និងឯកសណ្ឋាន ថ្លៃចំណាយប្រចាំថ្ងៃដូចជាថ្លៃផ្ទះ ទឹកភ្លើង អាហារ និងផ្សេងៗ ថ្លៃធានារ៉ាប់រង និងវគ្គបណ្តុះបណ្តាលផ្សេងៗ។
អាហារូបករណ៍នេះមានផ្តល់ជូនសិស្សសម្រាប់សិក្សាជំនាញជាច្រើនដូចជា នីតិសាស្រ្ត រដ្ឋបាលសាធារណៈ សំណង់ស៊ីវិល អគ្គិសនី វិស្វកម្ម ចិត្តវិទ្យា ទេសចរណ៍ អក្សរសាស្រ្តអង់គ្លេស និងជំនាញផ្សេងៗទៀតជាច្រើនដែលមាននៅក្នុងឯកសារដែលបានភ្ជាប់ជូនតាមតំណភ្ជាប់ខាងក្រោម។ សាកលវិទ្យាល័យដែលស្ថិតក្នុងគោលដៅ មានដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យសា្ថនពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
បេក្ខជនដែលចាប់អារម្មណ៍ អាចទាញយកពាក្យតាមរយៈលីង https://shorturl.at/JSUY1 បន្ទាប់មក ផ្ញើទៅតេឡេក្រាមឬ Email ខាងក្រោម៖
- លោក ផៅ សារ៉ាត់ តេឡេក្រាម៖ ០៨៩ ៣៩១ ០១១ ឬ Email: [email protected]
- កញ្ញា នឿន សុនី តេឡេក្រាម៖ ០១៧ ២៧ ៨៧ ២៦ ឬ Email: [email protected]
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះចាប់ផ្តើមទទួលពាក្យចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃ ៣១ ខែ ឧសភា ឆ្នាំ២០២៤៕
![](https://cdn.cc-times.com/kh.cc-times.com/media/46917/large/Screenshot_2024-04-11_100433.png?1712804706)
![](https://cdn.cc-times.com/kh.cc-times.com/media/46918/large/Screenshot_2024-04-11_100619.png?1712804785)
![](https://cdn.cc-times.com/kh.cc-times.com/media/46919/large/Screenshot_2024-04-11_100638.png?1712804804)
![](https://cdn.cc-times.com/kh.cc-times.com/media/46920/large/Screenshot_2024-04-11_100654.png?1712804821)