បាត់ដំបង៖ ម្ចាស់ដីចម្ការមួយកន្លែង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់មីនតោនចំនួន ៣ គ្រាប់ត្រួតលើគ្នា នៅក្នុងដីចម្ការរបស់ពួកគេ កាលពីថ្ងៃទី៨ ខែមេសា ម្សិលមិញនេះ។ សភាពរបស់គ្រាប់មីនតោនទាំងអស់នោះ នៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល ប៉ុន្ដែជាសំណាងល្អ ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ។
ម្ចាស់ដីចម្ការមួយកន្លែង នៅភូមិអូរចំនិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងបានធ្វើការភ្ជួររាស់ដាំដុះ និងអាស្រ័យផលលើដីចម្ការរបស់គេអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ។ នៅឆ្នាំនេះពួកគេបានរៀបចំភ្ជួររាស់ដីរួចជាស្រេច រង់ចាំធ្លាក់ភ្លៀងមកដល់គាត់នឹងចាប់ផ្តើមដាំដុះតែម្តង។ បន្ទាប់ពីបានភ្ជួររាស់រួចរាល់ កាលពីម្សិលមិញនេះ ពួកគេបានប្រទះឃើញគ្រាប់មីនតោនចំនួន៣គ្រាប់ត្រួតលើគ្នាត្រូវបានប្រទះឃើញនៅក្នុងដីចម្ការរបស់ពួកគេដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ដែលកំពុងដំណើរការបោសសម្អាតមីននៅតំបន់ដីជាប់គ្នានេះ និងមានព័ត៌មានជាខ្សែរគ្រាប់មីនតោន ដូចនេះក៏បន្តបោសសម្អាតដីនេះ ហើយក៏ប្រទះឃើញគ្រាប់មីនតោនដាក់ត្រួតជាន់គ្នា៣គ្រាប់នេះ។ សភាពរបស់មីនតោនទាំងអស់នោះនៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល។ ជាសំណាងល្អ ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ៕