ជប៉ុន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៧ មេសា បានសហការជាស្ថានទូតក្រកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធី «សង្ក្រាន្ត ខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សង្ក្រាន្ដនេះ បានប្រព្រឹត្តទៅនៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា ខេត្តអូសាកា ប្រទេសជប៉ុន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី «សង្ក្រាន្ត ខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសួនអូសាកា ក្រុងអូសាកា។ ពិធីនេះមានការចូលរួមដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន រួមទាំងសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករ ជាដើម។
នៅក្នុងកម្មវិធីនេះ មានពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ ដែលរួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង គ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន១១ទីតាំងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុនដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់ លើទឹកដីជប៉ុន អាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណជីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអូសាកានេះ គឺជាកម្មវិធីធំជាងគេ៕