ញូវយ៉ក៖ គ្រោះរញ្ជួយដីកម្រិត ៤.៨ រ៉ិចទ័រ បានវាយប្រហារតំបន់មួយចំនួននៅក្នុងទីក្រុងញូវយ៉កនៅព្រឹកថ្ងៃសុក្រ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានអះអាងថាការរញ្ជួយដីបានបង្កឲ្យអាគារជាច្រើនមានការរង្គើជាខ្លាំង និងបណ្តាលឲ្យអ្នករស់នៅទីនោះមានការភ័យស្លន់ស្លោ និងស្វែងរកទីកន្លែងមានសុវត្ថិភាព។ ចំណុចកណ្តាលនៃការរញ្ជួយដីកើតឡើងក្នុង រដ្ឋ New Jersey ប្រហែល ៨០km ភាគខាងលិចនៃក្រុង Manhattan និងនៅជម្រៅ ៤.៧km ការរញ្ជួយដីមិនទាន់មានរបាយការណ៍អំពីការខូចខាតនិងចំនួនអ្នករងរបួសនៅឡើយនោះទេ។
កាសែត Reuters និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា ការរញ្ជួយដីនេះភាគច្រើនបានកើតឡើងនៅទូទាំងតំបន់ រួមទាំងនៅទីក្រុងញូវយ៉ក រដ្ឋ New Jersey ភាគខាងជើងរដ្ឋ Pennsylvania និងភាគខាងលិចនៃរដ្ឋ Connecticut ។ នៅទីក្រុង Brooklyn អគារនានាបានរង្គើ ទ្វារទូដាក់ឥវ៉ាន់ និងឧបករណ៍ប្រើប្រាស់ជាច្រើនបានញ័រ។ អ្នកដំណើរនិងប្រជាពលរដ្ឋដែលរស់នៅកន្លែងរងគ្រោះត្រូវបានអាជ្ញាធរប្រកាសឲ្យរក្សាការប្រុងប្រយ័ត្ន និងស្វែងទីកន្លែងមានសុវត្ថិភាព។
ការិយាល័យអភិបាលក្រុងញូវយ៉កបានសរសេរនៅលើបណ្តាញសង្គម X ថារដ្ឋាភិបាលកំពុងតែធ្វើការវាយតម្លៃផលប៉ះពាល់នៃការរញ្ជួយដីនេះ ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពី "ផលប៉ះពាល់សំខាន់ៗ" នោះទេ។ ផ្លូវរូងក្រោមដីហូឡង់ដ៏មមាញឹក ដែលជាច្រកឆ្លងកាត់ទន្លេ Hudson ដ៏សំខាន់មួយរវាងទីក្រុងញូវយ៉ក និងរដ្ឋ New Jersey នឹងត្រូវបិទជាបណ្តោះអាសន្នសម្រាប់ការត្រួតពិនិត្យ៕