ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិ ទូទាំងប្រទេស។ នេះបើតាមបទបញ្ជា ស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អរក្សព្រៃឈើធម្មជាតិ ទូទាំងប្រទេស។
បើតាមបទបញ្ជា កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានូវរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នូវបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្ស ព្រៃឈើធម្មជាតិ។
បន្ថែមពីនេះ កងកម្លាំង ត្រូវចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិ ដែលមានឧបាយកលបំផ្លិចបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។ ជាពិសេស កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ មិនត្រូវចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ឡើយ៕