Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនមួយក្រុមចំណាយថវិកាផ្ទាល់ខ្លួនរៀបចំ«សង្ក្រាន្តភូមិតានន»ដើម្បីថែរក្សាវប្បធម៌ប្រពៃណីខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

តាកែវ៖ យុវជនមួយក្រុម ដែលដឹកនាំដោយលោក ចំរើន រិទ្ធី បានចំណាយថវិកាផ្ទាល់ខ្លួន និងមានជំនួយឧបត្ថម្ភពីយុវជន ពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយ នឹងរៀបចំ សង្ក្រាន្តភូមិតានន នៅថ្ងៃទី១៣-១៦ ខែមេសា ខាងមុខនេះ នៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ សង្ក្រាន្តនេះ រៀបចំឡើងក្នុងគោលបំណង រួមចំណែក អភិរក្ស ថែរក្សា ពិធីបុណ្យ និងវប្បធម៌ប្រពៃណីជាតិខ្មែរ ពិសេសជំរុញឱ្យយុវជន ជំនាន់ក្រោយ លេងល្បែងប្រជាប្រិយខ្មែរ និងអភិរក្សចង្វាក់ប្រពៃណីខ្មែរ។

គណៈកម្មការ និងក្រុមយុវជននៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលដឹកនាំ ដោយយុវជន ចំរើន រិទ្ធី ក្នុងនោះមានក្រុមការងារ២៥នាក់ ដោយទឹកចិត្តស្រលាញ់ និងចង់រួមចំណែក អភិរក្ស ថែរក្សា ពិធីបុណ្យ និងវប្បធម៌ប្រពៃណីជាតិខ្មែរ បានចំណាយថវិកាផ្ទាល់ខ្លួន និងមានជំនួយឧបត្ថម្ភពីយុវជន ពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយ បានជំរុញឲ្យ គណៈកម្មការ និងយុវជន ផ្តួចផ្តើមគ្នាឡើងឲ្យមានសង្ក្រាន្តភូមិតានន ជាលើកទី២។

សង្ក្រាន្តភូមិតានន ឆ្នាំថ្មីនេះ មានកម្មវិធីជាច្រើន ដូចជា ក្រុងពាលី និមន្តព្រះសង្ឃចំរើនព្រះបរិទ្ធ កម្មវិធីទទួលទេវតាឆ្នាំថ្មី ពិសារអាហារសាមគ្គី និងលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីជាតិខ្មែរផងដែរ។ ជាពិសេស គណៈកម្មសង្ក្រាន្តភូមិតានន នឹងបញ្ចូលកម្មវិធីសប្បាយៗជាច្រើនទៀតដែលបង្ហាញពី វប្បធម៌ និងល្បែងប្រជាប្រជាប្រិយដូចជាវាយក្អមយករង្វាន់ និងការសម្តែងរឿងខ្លី រាំលេងចង្វាក់ខ្មែរជាក្រុមជាដើម។

លោក ចំរើន រិទ្ធី អ្នកដឹកនាំរៀបចំសង្ក្រាន្ដនេះ និយាយថា កម្មវិធីសង្ក្រាន្តភូមិតានន នឹងកាន់តែសប្បាយរីករាយ និងមានកន្លែងថតរូបជាច្រើន ដែលបានបែងចែកកម្មវិធីកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើន។ នៅក្នុងនោះ មានការតែងលម្អតំបន់ធំៗ៤ រួមមាន តំបន់រាំវង់ តំបន់ល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត តំបន់សង្ក្រាន្តអនុស្សាវរីយ៍ជាដើម ដើម្បីអោយពលរដ្ឋជិតឆ្ងាយចូលរួមសប្បាយក្នុងន័យលើកតម្កើងវប្បធម៌ សប្បាយដោយការគោរព មានក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ។

តាមរយ: បណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន របស់លោក ចំរើន រិទ្ធី បានលើកឡើងថា ការផ្តួចផ្តើមធ្វើសង្ក្រាន្តភូមិតានននេះឡើង គឺដើម្បីជំរុញឱ្យយុវជន ជំនាន់ក្រោយ លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរ និងបន្តចូលរួមអភិរក្ស ថែរក្សា ការពារ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ដូនតាខ្មែរ ឲ្យបានគង់វង្ស៕

លោក ចំរើន រិទ្ធី អ្នកដឹកនាំរៀបចំសង្ក្រាន្ដភូមិតានន


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង