សៀមរាប៖ ក្នុងវ័យ ៧ឆ្នាំ កុមារី ចាន់ ដួងចៃ មានអូទីស្សឹម និងខ្សោយការស្តាប់ពីកំណើត។ ទោះជានាងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយសារនាងខ្សោយការស្ដាប់បាន និងមានអូទីសឹ្សមក៏ដោយ ក៏កុមារី ដួងចៃ មានក្ដីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិត។ សព្វថ្ងៃ កុមារី ដួងចៃ រស់នៅ នៅក្នុងភូមិកសិករដ៏តូចមួយនៅជាយក្រុង ជិតប្រាសាទអង្គរវត្ត។
«ខ្ញុំចង់ជួយមនុស្សទូទៅ» នេះជាការរៀបរាប់ដោយប្រើប្រាស់ដៃគូសជាសញ្ញាក្នុងអាកាស របស់កុមារី ចាន់ ដួងចៃ អាយុ ៧ ឆ្នាំ ដែលជាការរាយរ៉ាប់បំណងប្រាថ្នារបស់ប្អូន ដោយពុំមានបន្លឺសំឡេងអ្វីនោះឡើយ។ នៅក្នុងភូមិកសិករដ៏តូចមួយនៅជាយក្រុងជិតប្រាសាទអង្គរវត្តដ៏ល្បីល្បាញ កុមារី ដួងចៃ មានក្ដីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិត ទោះជានាងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយសារនាងខ្សោយការស្ដាប់បាន និងមានអូទីសឹ្សមក៏ដោយ។ ដួងចៃ បានរៀបរាប់ដោយប្រើប្រាស់ភាសាសញ្ញា មហិច្ឆតារបស់ខ្លួន ថា «ខ្ញុំចង់ជួយដល់អ្នកដទៃ ប្រៀបបីដូចឪពុករបស់ខ្ញុំ បានធ្វើចំពោះខ្ញុំដែរ» ។
បើទោះជាជួបប្រទះនឹងបញ្ហាប្រឈមទាំងនេះក៏ដោយ លោកស្រី លីណា ជាម្ដាយរបស់កុមារី ដួងចៃ នៅតែមានក្ដីសង្ឃឹម ដោយសារតែភាពរីកចម្រើនរបស់ ដួងចៃ នៅក្នុងសាលារៀន។ លោកស្រីលើកឡើងថា លោកស្រីមានមោទនភាព ចំពោះកូនស្រីរបស់ខ្លួន ដោយសារគ្រូប្រាប់លោកស្រីថា ដួងចៃរៀនពូកែ និងជាសិស្សដែលស្តាប់បង្គាប់។ លោកស្រី ណា ប្តេជ្ញាបន្តគាំទ្រដល់ការសិក្សារបស់ ដួងចៃ ជាមួយនឹងក្ដីសុបិនរំពឹងឃើញថ្ងៃដែលនាងនឹងរៀនចប់វិទ្យាល័យ និងខិតខំត្រួសត្រាយផ្លូវ ដើម្បីឱ្យកូនស្រីមានជីវិតកាន់តែប្រសើរ។
លោកស្រី សាង រ័ត្ន គ្រូបង្រៀនថ្នាក់ទី ២ របស់ ដួងចៃ រំឭកឡើងវិញថ្ងៃដំបូងដែលលោកស្រីជួបជាមួយនឹងសិស្សរបស់គាត់។ អ្នកគ្រូមានប្រសាសន៍ថា ដួងចៃ ពោរពេញដោយសេចក្ដីស្ងប់ក្នុងចិត្ត តែក្រសែភ្នែករបស់ដួងចៃ បង្ហាញពីការតាំងចិត្តដ៏ធំធេង។ វាហាក់បីដូចជាយើងកំពុងមើលឃើញផ្ការីកយឺតៗបែបនោះដែរ ទងផ្កានីមួយៗបង្ហាញពីភាពធន់របស់ដួងចៃ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា មានផែនការសកម្មភាពអប់រំបរិយាបន្ន សម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលមានការគាំទ្រពីយូនីសេហ្វ មានគោលបំណងពង្រឹងប្រព័ន្ធអប់រំ និងលើកកម្ពស់សិទ្ធិកុមារមានពិការភាព។ ផែនការសកម្មភាពអប់រំបរិយាបន្ន ដែលនឹងត្រូវប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជាការបោះជំហានដ៏ធំមួយនៅក្នុងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាយ៉ាងណាឱ្យកុមារគ្រប់រូប មិនថាពួកគេមានសមត្ថភាពបែបណានោះទេ អាចទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសសម្រេចសក្ដានុពលពេញលេញរបស់ពួកគេ៕