ភ្នំពេញ៖ រដ្ឋាភិបាលអាម៉េរិកជ្រើសរើសយុវជនដែលមានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា «YSEALI Academic Fellowship» នៅសហរដ្ឋអាម៉េរិករយៈពេល ៥ សប្តាហ៍ ដែលនឹងបិទទួលពាក្យត្រឹមថ្ងៃទី២០ មេសា ២០២៤។
បើតាមគេហទំព័ររបស់ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានឱ្យដឹងថា កម្មវិធី «YSEALI Academic Fellowship» ជាកម្មវិធីមួយដែល រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្វែងរកការកសាងសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជន ជាពិសេសគឺពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។
អាហារូបករណ៍ YSEALI Academic Fellowship គឺជាកម្មវិធីសិក្សារយៈពេលខ្លី ដែលមានគោលបំណងក្នុងការប្រមូលផ្តុំក្រុមអ្នកដឹកនាំវ័យក្មេងដើម្បីបញ្ជ្រាបនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសហរដ្ឋអាមេរិក និងប្រធានបទជាក់លាក់មួយ និងពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជនផងដែរ។ អាហារូបករណ៍នេះនឹងផ្តោតលើប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបី៖ ការចូលរួមរបស់ពលរដ្ឋ បញ្ហាបរិស្ថាន និង សហគ្រិនភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
កម្មវិធីនេះមានរយៈពេល 5 សប្តាហ៍ ដែលមានការដាក់បញ្ចូលជាមួយនឹង ការពិភាក្សា សិក្ខាសាលា ការអាន ការធ្វើបទបង្ហាញជាក្រុម និងការបង្រៀនពីសាស្រា្តចារ្យ ដែលបូកផ្សំជាមួយនឹងការធ្វើដំណើរកម្សាន្ត ការទៅមើលទីតាំង សកម្មភាពដឹកនាំ និងឱកាសស្ម័គ្រចិត្តនៅក្នុងសហគមន៍មូលដ្ឋាននៅទីនោះផងដែរ។
អាហារូបករណ៍ YSEALI Academic Fellows ត្រូវបានផ្តល់ជូនចំពោះ និស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោងពីមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬស្ថាប័នផ្សេងទៀតនៃការសិក្សាថ្នាក់ឧត្តមសិក្សា ឬបានបញ្ចប់ការសិក្សាក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីភាពជាអ្នកដឹកនាំតាមរយៈការងារសិក្សា ការចូលរួមសហគមន៍ សកម្មភាពក្រៅកម្មវិធីសិក្សា ឬវិជ្ជាជីវៈរបស់ពួកគេ។ មុខវិជ្ជាសិក្សារបស់ពួកគេនឹងមានភាពខុសប្លែកគ្នា ហើយអាចរាប់បញ្ចូលទាំងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ ការអប់រំ អាជីវកម្ម និងមុខជំនាញផ្សេងៗទៀត។
ប្រសិនបើយុវជនមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ https://kh.usembassy.gov/yseali-academic-fellowships/ សម្រាប់ព័ត៌មានលម្អិត និងដាក់ពាក្យឱ្យបានមុនថ្ងៃទី ២០ មេសា ឆ្នាំ២០២៤៕