ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងនីតិកាលទី៧ អភិវឌ្ឍប្រទេសជាតិ ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ នេះបើតាម ព្រះរាជសារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលចេញដោយព្រះមហាក្សត្រ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះ។
បើតាមព្រះរាជសារ រដ្ឋសភានីតិកាលទី៧ ត្រូវបានបង្កើតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ ( ២០២៣-២០២៨ ) ដឹកនាំដោយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទទួលបានតំណែងនេះ។
ជាមួយគ្នានោះ ព្រះមហាក្សត្រ ស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ដល់ជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី៕