វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឱ្យមន្រ្តីវៀតណាមឲ្យខិតខំកែប្រែ និងធ្វើនិរន្តរភាពនៃកោះ Phu Quoc (អតីតកោះត្រល់) ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍ឈានមុខគេដែលត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងបែបនេះក្នុងការថ្លែងសុន្ទរកថាក្នុងសន្និសីទបូកសរុបគម្រោងអភិវឌ្ឍន៍កោះ Phu Quoc ក្នុងខេត្ត Kien Giang ដីសណ្តទន្លេមេគង្គកាលពីថ្ងៃអាទិត្យ។
សម្រាប់លោក Pham Minh Chinh កោះ Phu Quoc បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន និងបានរក្សាកេរ្តិ៍ឈ្មោះ និងបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍មកលេងកោះនេះកាន់តែច្រើនឡើង។លោកក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កោះ Phu Quoc ដែលជាសេដ្ឋកិច្ចបៃតងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម។
លោកបានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំង ដើម្បីប្រែក្លាយkoH Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិ គុណភាពខ្ពស់ ទេសចរណ៍សមុទ្រ និងជាកន្លែងរស់នៅ ដែលរំពឹងថានឹងជួយផ្សព្វផ្សាយប្រទេសវៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោក។លោកបានមានប្រសាសន៍ថា អាទិភាពគួរតែត្រូវបានផ្តល់ដល់សេដ្ឋកិច្ចបៃតង ការអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។
គួរបញ្ជាក់ថាកាលពីឆ្នាំមុន កោះត្រល់បានទាក់ទាញគម្រោងទេសចរចំនួន ៣២១ ដែលមានតម្លៃជាង ៤១២ ពាន់ពាន់លានដុង (១៦.៦១ ពាន់លានដុល្លារ) ដែលស្មើនឹង ៤២.៨% នៃគម្រោងសរុបនៅក្នុងខេត្ត Kien Giang ។ចំនួនភ្ញៀវទេសចរទៅកាន់តំបន់នេះក៏បានកើនឡើងពី ១៣ម៉ឹន នាក់ក្នុងឆ្នាំ ២០០៤ ដល់ប្រហែល ៥,៥៧ លាននាក់ក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះមានច្រើនជាង ៥៦ម៉ឺននាក់ជាភ្ញៀវអន្តរជាតិ៕