ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមរៀបចំឡើង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងអគារពាណិជ្ជកម្ម Factory Phnom Penh ក្នុងគោលបំណងបង្ហាញនូវសមិទ្ធិផលនៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្របសម្រួល គាំទ្រពីធនាគារពិភពលោក តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) និងដៃគូអភិវឌ្ឍន៍នានា ដែលកំពុងរួមចំណែកក្នុងការជំរុញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈការពង្រឹងការផ្តល់សេវារបស់រដ្ឋបាលឃុំ សង្កាត់ សាលាបឋម សិក្សា និងមណ្ឌលសុខភាព ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការកែលម្អ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
វេទិកាផ្សព្វផ្សាយនេះ មានអ្នកចូលរួមប្រមាណ ២៥០រូប មកពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល យុវជន និងអ្នកសារព័ត៌មាន ដើម្បីមានឱកាសស្វែងយល់ពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដែលបាននិងកំពុងអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ វេទិកានេះនឹងជួយបង្កើនការចាប់អារម្មណ៍ពីអ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការគាំទ្រ និងប្តេជ្ញាចិត្តក្នុងការរៀបចំដំណើរការអនុវត្តគណនេយ្យភាពសង្គមទៅក្នុងយន្តការស្ថាប័នដែលមានស្រាប់ ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។ ដំណើរការវេទិកានេះបានរៀបចំតាមរយៈ៖
• ពិព័រណ៍អប់រំដោយផ្តោតលើការលើកកម្ពស់ការងារគណនេយ្យភាពសង្គម
• បទបង្ហាញអំពីឥទ្ធិពលជាវិជ្ជមាននៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់អ្នកពាក់ព័ន្ធ
• វេទិកាពិភាក្សាស្តីពីសមិទ្ធផល បញ្ហាប្រឈម និងឱកាសនាពេលខាងមុខ។
តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ មានគម្រោង សកម្មភាពប្រមាណ ៦៤.០០០ នៃផែនការសកម្មភាពរួមស្តីពីគណនយ្យភាពសង្គម ដែលបានព្រមព្រៀងគ្នារវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសម្រាប់ការកែលម្អសេវារដ្ឋបាលឃុំ សង្កាត់ ក្នុងនោះសកម្មភាពចំនួន ៦៤% បានបញ្ចប់។ សាលាបឋមសិក្សា ៩១% នៅក្នុងតំបន់គោលដៅរបស់គម្រោងបានបំពេញតាមស្តង់ដាការងារក្នុងឆ្នាំ ២០២៣ (កើនឡើង ៤៧% ពីឆ្នាំ២០២០) ក្នុងនោះប្រជាពលរដ្ឋ ៦៨% មានការពេញចិត្តនឹងគុណភាពនៃសេវាសាលាបឋមសិក្សា។ ដូចគ្នានេះផងដែរ នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋ ៧៧% មានការពេញចិត្តនឹងគុណភាពនៃសេវាដែលផ្តល់ដោយមណ្ឌលសុខភាព។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសស្វីស (SDC) និងនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) នៃប្រទេសអូស្ត្រាលី និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត នៅក្នុងឆ្នាំ ២០២៣ អង្គភាពផ្តល់សេវាជាង ៩.៦០០ បានចូលរួមក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងនោះរួមមាន រដ្ឋបាលឃុំ សង្កាត់ចំនួន១.៥៤៥ នៃចំនួនឃុំ សង្កាត់សរុប១.៦៥២ (ដែលស្មើនឹង៩៣%) សាលាបឋមសិក្សាចំនួន៦.៨២២ នៃចំនួនសាលាបឋមសិក្សាសរុប៧.២២៨ (ដែលស្មើនឹង៩៤%) និងមណ្ឌលសុខភាពចំនួន១.២៣៦ នៃចំនួនមណ្ឌលសុខភាពសរុប ១.៣០៥ (ដែលស្មើនឹង៩៥%) ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៣៧ នៃចំនួនក្រុង ស្រុក ខណ្ឌសរុប ២០៩ (ដែលស្មើនឹង១៨%)។
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានគូសបញ្ជាក់ពីការអនុវត្តការងារគណនេយ្យភាពសង្គម ដែលបានចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន តាមរយៈការពង្រឹងការផ្សព្វផ្សាយព័ត៌មានអំពីសិទ្ធិ ស្តង់ដាការបំពេញការងារ និងការងារថវិកា ការផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមពិនិត្យ តាមដានលើការបំពេញការងាររបស់អង្គភាពផ្តល់សេវា និងការឆ្លើយតបទៅនឹងសំណើ សំណូមពរនៅមូលដ្ឋាន ដើម្បីធានាឱ្យការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរឡើងប្រកបដោយគុណភាព ប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោកបានលើកឡើងថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តការងារគណនេយ្យភាពសង្គមនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសាធារណជន ព្រមទាំងត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកការងារគណនេយ្យភាពសង្គមនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដែលជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។”
លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.មានប្រសាសន៍ថា “សមិទ្ធផលសំខាន់ៗនៃការអនុវត្តការងារគណនេយ្យភាពសង្គមនេះ ពិតជាកើតឡើងដោយការយកចិត្តទុកដាក់ ការចូលរួមគាំទ្រ និងកិច្ចសហការដែលមិនអាចខ្វះបាន ពីអ្នកពាក់ព័ន្ធនានា ក្នុងនោះរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពផ្តល់សេវាផ្ទាល់នៅមូលដ្ឋាន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេទិកាផ្សព្វផ្សាយស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនាឱកាសនេះ នឹងជួយលើកកម្ពស់ការយល់ដឹងអំពីការងារគណនេយ្យភាពសង្គម ដែលជាយន្តការដ៏សំខាន់មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន។ ខ្ញុំក៏សង្ឃឹមផងដែរថា ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល នឹងបង្កើនការគាំទ្ររបស់ខ្លួន ដើម្បីធានាឱ្យកិច្ចការងារនេះ សម្រេចបានទៅតាមគោលបំណង របស់ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាល ទី២របស់រាជរដ្ឋាភិបាលកម្ពុជា។”
លោកស្រី Maryam Salim នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំ កម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការងារគណនេយ្យភាពសង្គម ដោយកត់សម្គាល់ឃើញថា "ការងារនេះបានជួយកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរួមចំណែកក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង"។ "យើងពិតជាមើលឃើញថា ការងារគណនេយ្យភាពសង្គមបានធ្វើឱ្យមានភាពប្រសើរឡើងនូវគុណភាព នៃការផ្តល់សេវានៅមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ជាក់ស្តែងសិស្សានុសិស្សដែលមានជីវភាពក្រីក្រ បានចុះឈ្មោះចូលរៀនស្របទៅតាមគោលការណ៍វិស័យអប់រំជាមូលដ្ឋាន ប្រជាពលរដ្ឋបានផ្លាស់ប្តូរឥរិយាបទស្វែងរកសេវាសុខភាព និងសេវារដ្ឋបាលកាន់តែច្រើនឡើងៗ"។
លោក Janes Immanuel Gintong នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការទស្សនៈពិភពលោក បានមានប្រសាសន៍ថា "យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ទាំងអស់ និងសហគមន៍ សម្រាប់ភាពជាដៃគូដ៏មានប្រសិទ្ធភាពនេះ។ ថ្ងៃនេះយើងកំពុងបង្ហាញនូវកិច្ចសហការក្នុងភាពជាដៃគូដ៏ល្អ ហើយអង្គការទស្សនៈពិភពលោកកំពុងទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ"៕