បាងកក៖ នាយករដ្ឋមន្ត្រីថៃ ស្រេថា ថាវីស៊ីន បានអះអាងថារដ្ឋាភិបាលថៃកំពុងពិចារណាលើសេចក្តីព្រាងច្បាប់ក្នុងការអនុញ្ញាតឲ្យកាស៊ីណូបើកបានដោយស្របច្បាប់ ហើយប្រសិនបើអនុម័តដោយសភា វានឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន និងអនុញ្ញាតឱ្យអ្នកជំនួយបង្កើតគម្រោងកម្សាន្តដ៏ធំជាច្រើនទៀតក្នុងប្រទេសថៃ។
បើតាមមតិជាច្រើនរបស់ពលរដ្ឋថៃបានឲ្យដឹងថាការបើកាស៊ីណូគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសថៃ ហើយការលេងល្បែងដែលស្រប់ច្បាប់នោះមានតែការចាក់ប្រណាំងសេះ និងឆ្នោតតែប៉ុណ្ណោះដែលជាល្បែងស្របច្បាប់ក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្ននេះ។ បើទោះបីជាការលេងល្បែងខុសច្បាប់ជារឿងធម្មតាក៏ដោយ មានកាស៊ីណូក្រោមដី និងការភ្នាល់បាល់ទាត់ច្រើនកំពុងរីកជាច្រើនទីតាំងសម្ងាត់ក្នុងប្រទេសថៃ។
ប្រសិនបើថៃអនុញ្ញាតឲ្យធ្វើអាជីវកម្មដោយស្របច្បាប់បាននោះមនុស្សជាច្រើននៅក្នុងឧស្សាហកម្មល្បែងស៊ីសងជឿថាទីផ្សារកាស៊ីណូស្របច្បាប់ក្នុងប្រទេសថៃនឹងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទាក់ទាញអ្នកទេសចរ និងវិនិយោគក្រៅប្រទេស ដោយផ្តល់នូវការប្រកួតប្រជែងខ្លាំងសម្រាប់មជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោករួមទាំង ម៉ាកាវ ដែលជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិនដែលប្រជាពលរដ្ឋអាចលេងល្បែងស៊ីសងដោយស្របច្បាប់នៅក្នុងកាស៊ីណូបាន៕