Cctimesw1140xh150cm copy

ក្រសួងពាណិជ្ជកម្មហាមឃាត់ការប្រើប្រាស់ម៉ាកដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសស្ដីពី ការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។ ក្នុងនោះប្រភេទសត្វ និង រុក្ខជាតិ ដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា សត្វគោ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្តើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។

ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោសត្វត្រយ៉ង អណ្ដើកសរសៃ (អណ្តើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានប្រកាសហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតហើយដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង