ភ្នំពេញ៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលមានថវិកាសរុបចំនួន ៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះ ជាផ្លូវការនៅចុងខែមីនានេះ។
បើតាមលោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា សម្រាប់គម្រោងក្នុងឆ្នាំ២០២៤នេះ លោកមានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន ៣បន្ថែមទៀត ដែលរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។
ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១, ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា ២, ការស្រាវជា្រវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩០០០ពហុកោណ(ទីតាំង) និង ៣, ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង ៣០០គោលដៅ។ ក្នុងគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០មុឺននាក់។
គួរបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២ នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន១៣.២លានដុល្លារអាមេរិក៕