សៀមរាប៖ ក្រសួងអប់រំកម្ពុជា កាលពីថ្ងៃទី២៧ មីនា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសមាគមស្ម័គ្រចិត្តអន្តរជាតិ DIVA នៃប្រទេសកូរ៉េខាងត្បូង ដើម្បីអាចឈានដល់កិច្ចសហប្រតិបត្តិការ មួយដែលមានសកម្មភាពគាំទ្រច្បាស់លាស់ និងការបង្កើតជាការិយាល័យរបស់សមាគមប្រចាំកម្ពុជា ដោយដាក់ទីតាំងនៅក្នុងខេត្តសៀមរាប។
ក្រសួងអប់រំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូនៃសមាគមស្ម័គ្រចិត្តអន្តរជាតិ DIVA នៃ សាធារណរដ្ឋកូរ៉េ (Daejin International Volunteer Association) ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការចុះគាំទ្រសាលារៀននៅក្នុងខេត្តសៀមរាប តាមរយៈការជួយនូវ បរិក្ខារបច្ចេកទេស សម្រាប់គាំទ្រការបង្រៀន និងរៀន ការសាងសង់បណ្ណាល័យសិក្សា ការផ្លាស់ប្តូរទស្សនកិច្ចការងារ ការជួយឧបត្ថម្ភដល់សិស្សក្រីក្រ និងការផ្ដល់នូវបរិក្ខារអប់រំសុខភាពនៅតាមសាលារៀន។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិភាក្សាស្វែងយល់ អំពីវឌ្ឍនភាពនៃវិស័យអប់រំនៅកម្ពុជា និងចក្ខុវិស័យនានា សម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាព គុណភាព នៃការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយបរិយាបន្ន ស្របតាមកំណែទម្រង់ការងារអប់រំ យុវជន និងកីឡា ក្នុងបរិបទឌីជីថលក្នុងតំបន់ និងសាកល។ ជាមួយគ្នានោះ ភាគីទាំងពីរ បានសម្រេចក្នុងការរៀបចំនូវអនុស្សរណៈនៃការយោគយល់ ដើម្បីអាចឈានដល់កិច្ចសហប្រតិបត្តិការ មួយដែលមានសកម្មភាពគាំទ្រច្បាស់លាស់ និងការបង្កើត ជាការិយាល័យរបស់សមាគមប្រចាំកម្ពុជា ដោយដាក់ទីតាំងនៅក្នុងខេត្តសៀមរាបផងដែរ។
លើសពីនេះ ប្រតិភូបានធ្វើទស្សនកិច្ចនៅតាមសាលារៀនគោលដៅ នៅក្នុងស្រុកប្រាសាទបាគង និងស្រុកសូត្រនិគម ដើម្បីសិក្សាស្វែងយល់អំពីការបង្រៀន និងរៀន បរិស្ថានសិក្សា នានានៅតាមសាលារៀន ដែលអាចផ្តល់ជាមូលដ្ឋានដល់សមាគមអាចផ្តល់ការគាំទ្រក្នុងការលើកកម្ពស់ ប្រសិទ្ធភាពការបង្រៀន និងរៀន និងកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំនៅតាមខេត្ត និងតំបន់ដាច់ស្រយាល។
សូមជម្រាបថា សមាគម DIVA បានឧបត្ថម្ភនូវបរិក្ខារមួយចំនួន សម្រាប់ជំនួយដល់ការរៀន និងបង្រៀន ដល់សាលារៀន គោលដៅចំនួន៤ ក្នុងខេត្តសៀមរាប រួមមាន អនុវិទ្យាល័យ ហ៊ុន សែន រលួស អនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស អនុវិទ្យាល័យអារញ្ញរង្សី និង វិទ្យាល័យ ២៨ មករា ដើម្បីការគាំទ្រកម្មវិធីដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ ការអប់រំបំណិនជីវិតតាមមូលដ្ឋាននៅតាមសាលារៀនខាងលើឱ្យមានប្រសិទ្ធភាព៕