Cctimesw1140xh150cm copy

មេដឹកនាំទូទាំងពិភពលោក«ថ្កោលទោស»ការវាយប្រហារភេរវកម្មនៅរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

រុស្សី៖ មេដឹកនាំជុំវិញពិភពលោក បានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការវាយប្រហារភេរវកម្មនៅឯសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ កាលពីយប់ថ្ងៃសុក្រ ដែលបណ្ដាលឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤៣នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលសាលប្រគុំតន្ត្រី និងធ្វើការបាញ់ប្រហារយ៉ាងឃោរឃៅ។

លោក Peter Stano ប្រធានអ្នកនាំពាក្យរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសារបង្ហោះលើគេហទំព័រ X ថា លោកថ្កោលទោសយ៉ាងដ៏ខ្លាំងក្លាបំផុត ចំពោះទង្វើនៃអំពើភេរវកម្មដ៏អាក្រក់ទៅលើជនស៊ីវិលស្លូតត្រង់នៅរុស្សី។

ចំណែកប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក៏បានបង្ហាញការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះការវាយប្រហារដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានបាត់បង់ជីវិត។ លោកបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើនៃអំពើភេរវកម្មនេះ នឹងបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់សកម្មភាព។

រីឯប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បាននិយាយថា ពិភពលោកត្រូវធ្វើការថ្កោលទោស នឹងប្រឆាំងគ្រប់ទម្រង់នៃអំពើភេរវកម្ម និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីការពារសន្តិសុខ និងស្ថិរភាពជាតិរបស់ខ្លួន។

ចំណែកក្រសួងការបរទេសសហរដ្ឋអាម៉េរិកក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារចុងក្រោយនេះ ដោយហៅថាជា «ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់»។ ហើយសហរដ្ឋអាម៉េរិកថ្កោលទោសគ្រប់ទម្រង់នៃអំពើភេរវកម្ម និងឈរក្នុងការសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។ ក្រៅពីប្រទេសធំៗ រាប់សិបប្រទេសទៀត រួមទាំងនៅអាស៊ីផងដែរ សុទ្ធតែបានថ្កោលទោស។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ក៏មានមេដឹកនាំមកពីប្រទេសអាឡឺម៉ង់ ស្លូវ៉ាគី ហូឡង់ ស្វីស ហ្ស៊កដានី អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ និងសម្តែងការរំលែកទុក្ខចំពោះការវាយប្រហារដ៏ធំបែបនេះនៅរុស្សី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង