ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៥ ខែមីនានេះ បានប្រកាសថា សម្ពាធទាបកំពុងបន្តគ្របដណ្ដប់មកលើប្រទេសកម្ពុជា ថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០% ទៅ ២០%។
ក្រសួងបញ្ជាក់ថា នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមីនា។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ២០%។
តំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។
ចំណែកឯតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕