ភ្នំពេញ៖ បន្ទាប់ពីបានឃើញកុមារ និងយុវជនមួយចំនួនរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំ ដល់គ្រប់គ្រឹះស្ថានសិក្សា ត្រូវពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្ស ដើម្បីសុវត្ថិភាពតាមដងផ្លូវសាធារណៈ។
នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេង តាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ក្នុងគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ធ្វើការណែនាំដល់មន្ទីរអប់រំ រាជធានី ខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្ស។
ជាមួយគ្នានោះ គ្រូបង្រៀនត្រូវពង្រឹងវិន័យ និងបញ្ជ្រាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំ និងត្រូវគ្រប់គ្រងវត្តមានសិស្សតាមម៉ោងសិក្សាឱ្យបានម៉ឺងម៉ាត់។ ជាពិសេស ត្រូវពន្យល់ និងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពអំឡុងពេលធ្វើដំណើរ និង ត្រូវហាមសិស្សជាដាច់ខាតនូវរាល់សកម្មភាពដែលបង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ដូចជា ការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។
បន្ថែមពីនេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពី វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្ស។ ជំរុញ និងគាំទ្រដំណើរការក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ក្នុងការចូលរួមណែនាំ និងក្រើនរំលឹក សមាជិក ឱ្យផ្ដោតលើការសិក្សារៀនសូត្រ និងលើកកម្ពស់ការអនុវត្តវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ការអប់រំ សីលធម៌ និងចរិយាធម៌៕