វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ចំពោះការបោះឆ្នោតឡើងវិញនិងជ្រើសរើសលោកជាប្រធានាធិបតីរុស្ស៊ីបន្តសម្រាប់អាណត្តិថ្មី។ យោងតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមនៃប្រទេសរុស្ស៊ី លទ្ធផលរាប់បឋមគិតត្រឹមព្រឹកថ្ងៃអង្គារបង្ហាញថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានទទួលសំឡេងគាំទ្រ ៨៧,៣២% ដោយនិងបន្តដឹកនាំអាណត្តិទី ៥ ហើយនឹងដឹកនាំរុស្ស៊ីរហូតដល់ឆ្នាំ ២០៣០។
តាងនាមឱ្យបក្ស និងរដ្ឋវៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរជូនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមវៀតណាម។ នៅឆ្នាំ ២០១៨ នៅពេលដែលលោក វ្ល៉ាឌីមៀ ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី អគ្គលេខាធិការ Trong ក៏បានផ្ញើសារអបអរសាទរផងដែរ។មេដឹកនាំមកពីប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងជើង និងគុយបា ក៏បានអបអរសាទរចំពោះប្រធានាធិបតី ពូទីន ចំពោះការឈ្នះឆ្នោតឡើងវិញរបស់លោកពូទីនផងដែរ។
លោក ពូទីន ដែលមានវ័យ ៧១ឆ្នាំ ជាប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៨ ហើយបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ ក៏ដូចជា ធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្សី ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។លោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០១២ និង ២០១៨ ជាមួយនឹងសម្លេងឆ្នោត ៦៣.៦% និង ៧៦.៦៩% ដោយប្រទេសវៀតណាមនិងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០។
យោងតាមទិន្នន័យរបស់ក្រសួងផែនការ និងការវិនិយោគ គិតត្រឹមដំណាច់ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីមានគម្រោងចំនួន ១៦៤ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការវិនិយោគសរុបចំនួន ៩៦៨.៨ លានដុល្លារអាម៉េរិក ដោយជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៤០ ។
វៀតណាមបានវិនិយោគក្នុងគម្រោងចំនួនប្រាំនៅរុស្ស៊ីដែលមានតម្លៃសរុបចំនួន ៥២៨ លានដុល្លារក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម។ ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ ឈានដល់ ៣.៥៥ ពាន់លានដុល្លារ។ក្នុងឆ្នាំ ២០២៣ រុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ១,០០០ សម្រាប់និស្សិតវៀតណាម។ នាពេលបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមប្រមាណ៥ពាន់នាក់កំពុងសិក្សានៅប្រទេសរុស្សី៕