ភ្នំពេញ៖ មេដឹកនាំគណបក្សភឿថៃ បាននឹងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៨-១៩ មីនា។ នៅក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅក្នុងរដ្ឋាភិបាលថៃបច្ចុប្បន្ន បានជួបជាមួយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតរ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរ បានជជែកគ្នាដើម្បីជំរុញវិស័យជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ វិស័យទេសចរណ៍ និងការដោះបញ្ហាព្រំដែន ជាដើម។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ លើកឡើងថា គណបក្សភឿថៃមានគោលបំណងពង្រឹងទំនាក់ទំនងរវាងបក្សកាន់អំណាចនៃប្រទេសទាំងពីរ។ អ្នកនយោបាយវ័យក្មេងរូបនេះក៏បានលើកឡើងនូវយន្តការជំរុញវិស័យទេសចរណ៍ក្នុងប្រទេសទាំងពីរ ដោយសារប្រទេសកម្ពុជា និងប្រទេសថៃ មានវប្បធម៌ ដែលមានទំនាក់ទំនងគ្នា។
បើតាម លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងពីគម្រោង ASEAN Drive Tourism ដែលផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រី Srettha Thavisin ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែកញ្ញា។ គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមគោលគំនិតនៃ«៦ប្រទេសគោលដៅតែមួយ» ដែលមានគោលបំណងជំរុញទេសចរណ៍ក្នុងប្រទេសថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំគណបក្សភឿថៃ បានធ្វើឡើងក្រោយពីមានដំណើរទស្សនកិច្ចខ្លីរបស់សម្តេច ហ៊ុន សែន ទៅជួបលោក ថាក់ ស៊ីន។ សម្ដេច ហ៊ុន សែន និងលោក ថាក់ស៊ីន មានភាពស្និទ្ធស្នាលនឹងគ្នា ជាច្រើនទសវត្សរ៍។លោកថាក់ស៊ីន ដែលបានកាត់បន្ថយទោសពីប្រាំបីឆ្នាំមកនៅត្រឹមមួយឆ្នាំនោះ ត្រូវនៅក្រៅឃុំបណ្ដោះអាសន្ន និង បានចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួបកំណើតរបស់សម្ដេច ហ៊ុន សែន កាលពីនៅឆ្នាំ២០២៣ កន្លងទៅ៕