ព្រះសីហនុ៖ បវរកញ្ញាពិភពលោក មកពីជាង៥០ប្រទេស កាលពីថ្ងៃទី១៧-១៨ មីនាបានទៅកម្សាន្ដខេត្តព្រះសីហនុ។ នៅក្នុងក្រុមបវរកញ្ញាពិភពលោក បានទៅកមន្សាន្ដនៅឆ្នេរអូរត្រែះ កោះរ៉ុង និងទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ នាវេលាយប់ថ្ងៃទី១៧ មីនា ។
នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ក្រុមបវរកញ្ញាមកពីជុំវិញពិភពលោក បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធី Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីប្រកួតអន្តរជាតិនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នៅទឹកដីអង្គរ-ខេត្តសៀមរាប។ អ្វីកាន់តែអស្ចារ្យខ្លាំងនោះ អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរ ដើម្បីថតរូបនៅប្រាសាទអង្គរវត្ត ថែមទៀតផង៕