ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ (NEA) បន្តធ្វើការបណ្តុះបណ្តាលយុវជនដែលមិនទាន់មានបទពិសោធន៍អោយចេះរៀបចំប្រវត្តិរូប និងបែបបទសម្ភាសការងារ ព្រមទាំងស្វែងរកឱកាសការជូនយុវជនដែលមិនទាន់មានការងារធ្វើរាប់ម៉ឺននាក់ តាំងពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន ។
បើតាមបទសម្ភាសរវាងស៊ីស៊ីថាមស៍ និងអ្នកនាំពាក្យនៃក្រសួងការងារ លោក កត្តា អ៊ន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរដែលមានអក្សរកាត់ថា NEA ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្រោមក្រសួងការងារ បច្ចុប្បន្នមានទីតាំងនៅក្នុងទីស្តីការនៃក្រសួងការងារដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
មកដល់បច្ចុប្បន្ន NEA តែងតែបើកជាប្រចាំនៅក្នុងការទទួលការប្រឹក្សាជាមួយនឹងយុវជនដែលមិនទាន់មានការងារធ្វើ ព្រមទាំងស្វែងរកការងារធ្វើជូនយុវជនដោយមិនមានការគិតថ្លៃទៀតផង ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលនៃការសរសេរប្រវត្តិរូបដាក់ពាក្យធ្វើការ របៀបស្វែងរកការងារធ្វើ របៀបរៀបចំខ្លួនសម្រាប់ការសម្ភាសការងារជាដើម។ ក្រៅពីការផ្តល់ជូនជាវគ្គបណ្តុះបណ្តាលដោយអ្នកជំនាញ NEA ក៏មានសកម្មភាពនៅក្នុងការស្វែងរកការងារជូនយុវជន ឬ ប្រជាជនដែលកំពុងត្រូវការការងារផងដែរ ដែលមានចាប់តាំងពីវិស័យសិប្បកម្ម សេវាកម្ម ឧស្សាហកម្មជាដើម។
បើគិតចាប់ពីឆ្នាំ២០០៩ មកដល់ពេលនេះ NEA មានវត្តមានក្នុងការសម្រួលការស្វែងរកការងារជូនយុវជនបានប្រមាណ ១៥ ឆ្នាំមកហើយ ជាសមិទ្ធផលមកដល់ពេលនេះ NEA មានទាំងមជ្ឈមណ្ឌលចល័តដែលដើរផ្សព្វផ្សាយពីឱកាសការងារ ព្រមទាំងមានទីស្នាក់ការនៅតាមបណ្តាខេត្តផ្សេងៗទៀតផង។ ជាពិសេស ជារៀងរាល់ឆ្នាំ NEA តែងមានកម្មវិធីពិព័រណ៍ការងារប្រចាំឆ្នាំដ៏ធំមួយ ដែលមានក្រុមហ៊ុនចូលរួមប្រមាណ ១០០ ក្រុមហ៊ុនក្នុងការផ្តល់ឱកាសការងារ និង បូកលទ្ធផលការងារប្រចាំឆ្នាំផងដែរ។
អ្នកនាំពាក្យក្រសួងការងារក៏បានបន្តទៀតថា ក្នុងចំណោមអាយុនៃការធ្វើការ ចន្លោះអាយុដែលមានការងារធ្វើគឺស្ថិតចន្លោះអាយុ ១៨ ទៅ ៣៥ ឆ្នាំ។ ក្រៅពីការផ្តោតលើការបណ្តុះបណ្តាល និងស្វែងរកការងារសម្រាប់យុវជន NEA ក៏មានជាការតម្រង់ទិសទៅកាន់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យដើម្បីអាចដឹងពីទីផ្សារការងារក្នុងពេលបច្ចុប្បន្នដែលអាចនាំឱ្យពួកគេអាចជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យបានត្រឹមត្រូវសមស្របជាមួយនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន។
ជាចុងក្រោយ អ្នកនាំពាក្យនៃក្រសួងការងារបានបន្ថែមទៀតថា ដើម្បីអាចស្វែងរកការងារធ្វើបាន យុវជនគួរតែចេះរៀបចំប្រវត្តិរូបរបស់ខ្លួនជាមុនសិន បន្ទាប់មកត្រូវដឹងថានៅទីតាំងណាគេកំពុងជ្រើសរើសបុគ្គលិក ហើយត្រូវការផ្នែកអ្វី ដែល NEA អាចជួយយុវជនក្នុងការស្វែងរកផងដែរ ។ អាស្រ័យហេតុនេះហើយ សម្រាប់់យុវជនណាដែលកំពុងស្វែងរកការងារ អាចធ្វើការទាក់ទងទៅកាន់ NEA តាមរយៈគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា National Employment Agency ឬ ទាក់ទងទៅប្រព័ន្ធហតឡាញតាមរយៈលេខ ១២៩៧ ឬ កម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា NEA Job Search។
គួរបញ្ជាក់ផងដែរថា NEA ត្រូវបានបង្កើតឡើងដោយមានចក្ខុវិស័យក្នុងការស្វែងរកការងារសម្រាប់យុវជន និងប្រជាជនកម្ពុជាអោយមានការងារធ្វើ ព្រមទាំងមានតួនាទីនៅក្នុងការជួយសម្របសម្រួលស្ថាប័នដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកផងដែរ៕