Cctimesw1140xh150cm copy

កម្ពុជា-កូរ៉េ បានឯកភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នៅក្នុងជំនួបនៅថ្ងៃទី១៥ មីនានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាពពលករបន្ថែមទៀត។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៅកម្ពុជា។

លោក ហេង សួរ បានបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជន ដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀត ដែលស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ននិងអនាគត ហើយការបណ្តុះបណ្តាលជំនាញនេះ បានដើរស្របគ្នា ទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាងនេះទៅទៀតក៏បានដើរទន្ទឹមនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកកម្ពុជាក្នុងអាណត្តិទី៧ ដែលបានដាក់ទិសដៅកំណត់យកការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលជាគោលដៅអាទិភាព។

បន្ថែមពីនេះ លោក ហេង សួរ បានគូសបញ្ជាក់ ពីការពង្រឹងសមត្ថភាពដល់ពលករកម្ពុជា លើជំនាញសំខាន់ៗ ដែលរួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើមដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតាសម្រាប់ពលករកម្ពុជា ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ កូរ៉េដែលជាទិសដៅដ៏ពេញនិយមមួយនៃពលរដ្ឋកម្ពុជាព្រោះតែលក្ខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ។

ជាមួយគ្នានេះ លោក ចាង វ៉ុងសាម ប្រធានទីភ្នាក់ងារ បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីលើការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ពលរដ្ឋកម្ពុជា ឱ្យមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀតដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។

លើសពីនេះ កិច្ចសហការនៃការបណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជា លើជំនាញសំខាន់ៗ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ព្រោះថា ជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េទទួលបានផលផ្លែផ្កាខ្ពស់ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញដែលនាំមកនូវជំនាញខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះ សម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង