ពោធិ៍សាត់៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ មីនា កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី និង ១ករណីទៀត បញ្ជូនទៅតុលាការ។
តាមរបាយការណ៍ អាជ្ញាធរខេត្តពោធិ៍សាត់ សមត្ថកិច្ចបានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង, ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន ៣៤រោង និងរោងប្រក់សង្ក័សី ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សីទំហំ ៤x៦ម៉ែត្រ ចំនួន ១២ខ្នង, រោងតង់កៅស៊ូទំហំ ២x៣ម៉ែត្រ ចំនួន ៥ខ្នង, រោងប្រក់ស្លឹក ១ខ្នង, ដំឡូងមី ចំនួន ៣៦៨០បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំចំនួន៨នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ មីនា នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សៅ សុខា បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ជាមួយគ្នានោះ លោក សៅ សុខា ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន២៥០នាក់ ខណៈលោក ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជូនកម្លាំងនគរបាលចំនួន២៥០នាក់ ដើម្បីចូលរួមអន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕