ភ្នំពេញ៖ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៤។
បើតាមគេហទំព័រនៃក្រសួងប្រៃសនីយ៍បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានសហការគ្នាក្នុងការរៀបចំកម្មវិធី វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលមានការចូលរួមទាំងពីស្ថាប័នរដ្ឋ ឯកជន ជាតិ និងអន្តរជាតិ ដែលកំពុងធ្វើការពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្នុងវិស័យនានា មិនថាវិស័យអប់រំ វិស័យសេដ្ឋកិច្ច ឬ សង្គម។
គួរបញ្ជាក់ផងដែរថា សាធារណជនអាចធ្វើការចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L។
តាមរយៈការចូលរួមកម្មវិធីនេះ យុវជន និងអ្នកចូលរួមទូទៅនឹងអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា អាចឈ្វេងយល់អំពីរដ្ឋាភិបាល និងការវិវត្តិថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មឌីជីថលថ្មីៗ របស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិ ទទួលបានបទពិសោធន៍ជាមួយនឹងការសាកល្បងផ្ទាល់ឧបករណ៍បច្ចេកវិទ្យាឌីជីថល ទទួលបានព័ត៌មាននិងឱកាសផ្សេងៗជាច្រើន និងបង្កើតអនុស្សាវរីយ៍ជាមួយនឹងការថតរូប ៣៦០ដឺក្រផងដែរ។
គួរសម្គាល់ផងដែរថា កម្មវិធីចាប់ផ្តើមនៅម៉ោង ៨ ព្រឹក និងបញ្ចប់នៅម៉ោង ៥ ល្ងាច ហើយថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃកម្មវិធីផងដែរ៕