Cc time web banner 054637

អ្នកស្រាវជ្រាវសឹង្ហបុរីប្រាប់ពីគន្លឹះនៃការ«រៀបចំទីក្រុងសម្រាប់ថ្ងៃអនាគត»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក Harvey Neo អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌល Lee Kuan Yew Centre for Innovative Cities

ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំនូវបទបង្ហាញមួយស្ដីពី "ការងាររៀបចំដែនដីនិងនគរូបនីយកម្ម និងរៀបចំទីក្រុង"។បទបង្ហាញនេះរៀបចំឡើងដោយអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Lee Kuan Yew Centre for Innovative Cities។ក្នុងបទបង្ហាញនោះ អ្នកជំនាញបានចែករំលែកជាច្រើនពីការងារអភិវឌ្ឍទីក្រុងប្រកបដោយប្រសិទ្ធភាព និង ផែនការការពារហានិភ័យទុកជាមុន។

លោក Harvey Neo អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌល Lee Kuan Yew Centre for Innovative Cities បានចំណាយពេលជិត១ម៉ោង ដើម្បីចែករំលែកដល់អ្នកចូលរួមពី "ការងាររៀបចំដែនដី និង នគរូបនីយកម្ម និងរៀបចំទីក្រុង"។សម្រាប់អ្នកជំនាញរូបនេះ បានលើកឡើងថា ការរៀបចំទីក្រុងត្រូវគិតទៅលើផែនការ ហិរញ្ញវត្ថុ បញ្ហាប្រឈម ការរៀបចំតម្រូវការឱ្យចំគោលដៅ ការចូលរួម និង ការគ្រប់គ្រងហានិភ័យ។

បើតាមលោក Harvey Neo កាលណាថវិកាមានកម្រិត អាចប្រឈមនឹងការបោះបង់ចោលគម្រោងផ្សេងៗ ពិសេស ត្រូវធានាថាគំនិតផ្តួចផ្តើមធ្វើគម្រោងផ្សេងៗក្នុងទីក្រុង ផ្តល់ប្រយោជន៍ដល់សហគមន៍ ជាពិសេស ប្រជាជនដែលងាយរងគ្រោះ ជនក្រីក្រ អាចជាបញ្ហាប្រឈម។

លោកថ្លែងថា ការអភិវឌ្ឍន៍ទីក្រុង តម្រូវឱ្យមានការសម្របសម្រួលកម្រិតខ្ពស់នៅទូទាំងរដ្ឋាភិបាល និង រវាងភ្នាក់ងាររដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាសហគមន៍ ដើម្បីធានាបាននូវតម្រូវការពិតប្រាកដត្រូវបានផ្តល់ជូន។ លើសពីនេះ ការអភិវឌ្ឍទីក្រុងភាគច្រើនមានទំនោរផ្តោតលើការឆ្លើយតបចំពោះហានិភ័យផ្សេងៗ ក្រោយវិបត្តិចាត់វិធានទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យ និងភាពងាយរងគ្រោះ មុនពេលមានវិបត្តិកើតឡើង។

សូមបញ្ជាក់ថា បទបង្ហាញចែករំលែកនេះ មានការចូលរួមក្រោមអធិបតីភាពដោយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី លោក តឹក​រ៉េត សំរេច​ រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ វិស័យឯកជន មន្ដ្រីជំនាញមកពីបណ្ដាខេត្ត និង សិស្សានុសិស្សប្រមាណ ៤០០នាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង