ភ្នំពេញ៖ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិ នៃគ្រួសារទាហានអាម៉េរិក បាត់ខ្លួននៅ អាស៊ីអាគ្នេយ៍ បានចាត់ទុកកម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ លើ កិច្ចការរកធាតុទាហានអាម៉េរិក ដែលបានស្លាប់បាត់បង់ជីវិតក្នុងសម័យសង្គ្រាម។ លោកស្រីចាត់ទុកកិច្ចសហការនេះ ជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។
លោកស្រី Ann Mills-Griffiths បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងមកនេះ។
ពាក់ព័ន្ធការរុករកធាតុទាហានអាម៉េរិក លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាម៉េរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ឆ្នាំមកនេះ។
លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជា គឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍។ លោកស្រីចាត់ទុកកិច្ចសហការនេះ ជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។
ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ស ហព័ន្ធជាតិនៃគ្រួសារទាហានបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ សម្តេច ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់ សហព័ន្ធ លោក ស្រី ហើយរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការសម្របសម្រួល លើសកម្មភាពនេះឱ្យសម្រេច បាន ជោគជ័យ ទោះបីជានៅតំបន់ខ្លះ មានលក្ខណៈស្មុគស្មាញក៏ដោយ។
តាមរបាយការណ៍របស់អាម៉េរិក បានឱ្យដឹងថា ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួនប្រមាណ ៩០នាក់ ហើយសាកសពចំនួន៤២នាក់ត្រូវបានរកឃើញ។ ទាហានអាមេរិកាំងសរុបចំនួន២,៦៤៦នាក់ បានបាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន កាលពីសម័យសង្គ្រាមវៀតណាម។ ធាតុទាហានអាមេរិជាង ១,៦០០នាក់ នៅបន្តបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ក្នុងនោះទាហានជាង ១,២០០នាក់បានបាត់ខ្លួនក្នុងទឹកដីវៀតណាម។
គួរបញ្ជាក់ថា កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកធាតុទាហានអាមេរិកដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សរ៍ឆ្នាំ៧០ ចាប់តាំងពីឆ្នាំ១៩៨០មក។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឱ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានអនុញ្ញាតឱ្យមានកិច្ចសហការរុករកធាតុទាហានអាមេរិកនៅលើទឹកដីកម្ពុជាឡើងវិញ៕