ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក ៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។
គួរបញ្ជាក់ថា តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ៕