Cctimesw1140xh150cm copy

សមាគមផលិតករភាពយន្តខ្មែរ ស្នើពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ចៀសវាងការបង្កអសន្តិសុខជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមផលិតករភាពយន្តខ្មែរ នៅថ្ងៃទី០៧មីនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជា ដែលបង្កអោយមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង ម៉ែក្រឡាភ្លើង របស់ផលិតកម្ម សាស្ត្រា ហ្វីម។

ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការរបស់អ្នកលេងបណ្ដាញសង្គម លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងប ណ្តាញសង្គម ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់ បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជា ពលរដ្ឋកម្ពុជាមានការរើសអើងចំពោះភាពយន្តថៃ និង ឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្ត កម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឲ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេស ភូមិផងរបងជាមួយ។

សមាគម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សានូវភាពស្ងប់ស្ងាត់ សេចក្ដីថ្លៃថ្នូរ ក្នុង នាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។ ជាមួយគ្នានេះ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិកប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

សមាគមផលិតករភាពយន្តខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំ ដល់ផ លិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹងនិងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារភាពយន្តនៅក្រៅប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង