ភ្នំពេញ៖ ក្រសួងវប្បធម៌ នាថ្ងៃទី ៧ មីនានេះ បានធ្វើការព្រមានទៅលើ ផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតបងចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទិ្ធសីលធម៌របស់អ្នកនិពន្ធ(សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួនណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្ដីព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតបងចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ដែលច្រៀងដោយលោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន សុីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YoyTube នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តម្រូវឲ្យផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទចម្រៀងខាងលើនេះតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែលបានកើតផងដែរ៕